ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទអ្នកនៅបន្ទប់ជិតគ្នា បានហើយព្យាយាមគេចខ្លួនអស់រយៈពេល៧ថ្ងៃ ហើយជនសង្ស័យបានមកបន្ទប់ជួលវិញ ជនរងគ្រោះប្រទះឃើញ រាយការណ៍ទៅសៃមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះឈូស ណាក់ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបមិនពិតប្រកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមសម្តីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពចូលក្នុងបន្ទប់ជួលរបស់គាត់ហើយលួចយកទូរស័ព្ទម៉ាកសូនី មួយគ្រឿងហើយគេចខ្លួនបាត់ខណៈរូបគាត់ចូលទៅក្នុងបន្ទប់ទឹក។
ជនរងគ្រោះបានបន្តថា បន្ទប់ពីដឹងថា បាត់ទូរស័ព្ទរូបគាត់ក៏ចេញក្រៅសួអ្នកមើលការខុសត្រូវបន្ទប់ជួលឃើញជនសង្ស័យខាងលើចូលទៅខាងក្នុងបន្ទប់រូបគាត់ហើយក៏ចេញមកវិញដើរទៅបាត់ ទើបមានការសង្ស័យតាមរកតែមិនឃើញ ។ បន្ទាប់មក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ដើម្បីសុំការអន្តរាគមន៍តែជនសង្ស័យគេចខ្លួនទៅខេត្តព្រៃវែងបាត់។
រហូតមកដល់ថ្ងៃ១៧ ខែឆ្នាំដដែលនេះ ទើបប្រទះឃើញជនសង្ស័យនៅបន្ទប់ជួលទើបជនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ដើម្បីដោះស្រាយជាមួយជនរងគ្រោះ ៕ សុខាសែនជ័យ