ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយបែនដឹកកម្ទេចថ្ម អងឌឺ មួយគ្រឿង បានបុកពីក្រោយម៉ូតូសង់២០១៨ ដែលជិះឌុបគ្នា៣នាក់ បណ្តាលឲ្យដួល និងកិនជាប់ម៉ូតូនៅកង់ខាងមុខចំហៀងខាងស្តាំនៃរថយន្តគាបទាំងអ្នកបើកបរម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ និងរងការខូចខាតម៉ូតូយ៉ាងដំណំ។
ហេតុការណ៍នេះ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ២១៧ ភូមិរលួស ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ផល វណ្ណៈ ភេទប្រុស អាយុជាង៣០ឆ្នាំ (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូ ។ ចំណែកប្រពន្ធ និងសាច់ញាតិម្នាក់ទៀត ជាមនុស្សស្រី ដែលជិះនៅខាងក្រោយ រងរបួសស្រាលទាំង២នាក់។ ទាំង៣នាក់ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ដោយឡែកអ្នកបើកបររថយន្តមានឈ្មោះ យឹម យ៉ាន ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិសូរដី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ម៉ូតូរបស់ពួកគាត់ដែលជួបគ្រោះថ្នាក់នេះ ទើបតែទិញបាន២ថ្ងៃតែប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់០១៨ ដែលទើបនឹងទិញនេះ បានចេញពីផ្ទះមកយកប្រពន្ធនិងសាច់ញាតិ២នាក់ទៀត ដែលចេញពីធ្វើការរោងចក្រមកហូបបាយនៅផ្ទះ លុះត្រឡប់មកវិញដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បែនដឹកកម្ទេចថ្ម អងឌឺ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-9009 បានបើកស្របគ្នាពីត្បូងទៅជើង តាមបណ្តោយផ្លូវ២១៧ បានជ្រុលមកបុកពីក្រោយម៉ូតូជនរងគ្រោះ បានឲ្យដួលខ្ទាតស្ត្រីដែលជាប្រពន្ធ និងសាច់ញាតិចេញពីលើម៉ូតូរងរបួសស្រាល ។ ចំណែកបុរសជាប្តីដែលជាអ្នកបើកម៉ូតូត្រូវបានរថយន្តបង្ក កិនជាប់កង់ខាងមុខចំហៀងខាងស្តាំ បណ្តាលឲ្យគាបជនរងគ្រោះជាប់ជាមួយម៉ូតូ រងរបួសធ្ងន់ និងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ដោយឡែកចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងរថយន្តបង្ក បានអះអាងថា គាត់មិនបានបើករថយន្តបុកម៉ូតូជនរងគ្រោះនោះទេ គឺម៉ូតូជនរងគ្រោះទេដែលជិះទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងទៀត រួចខ្ទាតចូលរថយន្តរបស់គាត់ ហើយគាត់ចាប់ហ្វ្រាំងរថយន្តមិនទាន់ ក៏កិនតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណា ខាងជនរងគ្រោះនៅតែបន្តអះអាងថា ខាងរថយន្តបង្ក ជាអ្នកបើករថយន្តបុកពួកគាត់ពីក្រោយដដែល។
ដោយសារតែដោះស្រាយគ្នាមិនចេញ ភ្លាមៗជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនតាមម៉ូតូទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជើងឯក វាស់វែង និងប្រគល់ឲ្យទៅខាង ជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកវាស់វែងបន្ត រួចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ ភារ៉ា ដង្កោ