ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មបើកលឿនពេកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់បុរសវ័ចំណាស់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តធុនធំបែនដឹកថ្មបើកលឿនបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យកិនស្លាប់កាលពីវេលាម៉ោង០៦និង៤៥នាទីព្រលប់ ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦ទៅលេខ-៣៧ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកហ៊ីណូជាប្រភេទរថយន្តធុនធំ(ធុនបែនដឹកថ្ម) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.3255 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅក្រោយបង្កហេតុរួចបាន(ចុះរត់គេចខ្លួនបាត់ស្រមោល)។

នគរបាលបន្តទៀតថា រថយន្តខាងលើបាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ មកពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿន លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានប៉ះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B.9951 អ្នកបើកបរឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្រែកែស ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងបើកស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលចូលក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

ក្រោយកើតហេតុមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ បានរាយការណ៍ទៅនគរបាលជំនាញចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ។

ចំពោះ សពបុររងគ្រោះនគរបាលបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នគរបាលនិយាយថាអ្នកបើកម៉ូតូមិនពាក់មួកសុវត្តិភាព នឹងមានកញ្ចក់មើលក្រោយ ខូចខាតរថយន្ត០១គ្រឿង កម្រិតស្រាល នឹងម៉ូតូ០១គ្រឿងកម្រិតស្រាល ចំពោះវត្ថុតាងទាំង០២គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សេនា សក្តិ


ចែករំលែក៖