ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូចេញពីជួបជុំផ្ទះបងប្អូន ក្នុងគោលបំណងទៅផ្ទញវិញហើយបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តកុងតឺន័រ ដែលបត់ឆ្លងផ្លូវពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលតាឡាត់ តាមបណ្តោយផ្លូវបេតុង ខាងជើងផ្លូវរទេសភ្លើង ប្រមាណជាង២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ កាបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះណាត់ ណាន់ ឈៀវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះកិនស្រូវជាមួយឪពុក ស្នាក់នៅភូមិភ្លើងឆេះរទេស សង្កាត់ ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីបងប្អូនជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ជួបជុំគ្នានៅផ្ទះបងប្អូននៅម្តុំភូមិទួលតាឡាត់ដោយបានផឹកស្រាបៀរអស់ចំនួនមួយកេះ បន្ទាប់មកជនរងគ្រោះសុំទៅផ្ទះរបស់ខ្លួន ដោយជនជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម១២៥ស៊េរី០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DO.7255 ទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវបេតុង ។
តាមប្រភពពីកន្លែងកើតហេតុបានបន្តថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ខណៈ ពេលមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តកុងតឺន័រមិនចាំស្លាកលេខ ដែលបត់កាត់ទទឹងផ្លូវពេញទំហឹងបណ្តាលឲ្យផុងលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង តៃកុងឡានកុងតឺន័របានបើករត់បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបានធ្វើកំណត់ហេតុប្រគល់សព និងម៉ូតូឲ្យសាច់ញាតិយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ