ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តទាំងស្រវឹងបុករថយន្តមួយគ្រឿងទៀតហើយព្យាយាមបើករត់តែប្រជាពលរដ្ឋដេញចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តតាកូម៉ាក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវ លេខ៤៣២ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តឡិចសុីសចំពីចំហៀងបណ្តាលឲ្យរងការខូចខាត ហើយព្យាយាមបើករត់ រហូតដល់ខាងក្រោយទូតវៀតណាម ផ្លូវលេខ៦៣ ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

តាមសាក្សីនៅចំណុចកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុីសRX300 ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AR 7031 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ AL 3970 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងល្បឿនលឿនហើយបានជ្រុលបុករថយន្តឡិចសុីចំពីចំហៀងពេញទំហឹងបណ្តាលឲ្យវិលមួយជុំរងការខូចខាតទាំងសងខាង។

សាក្សីដដែលបានបន្តថាភ្លាមនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេហើយបានព្យាយាមបើករត់រហូតទៅដល់ផ្លូវលេខ៦៣ ខាងក្រោយទូតវៀតណាម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ទើបឃាត់ប្រជាពលរដ្ឋដេញឃាត់បាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញវាស់វែងយករថយន្តទាំង២គ្រឿង រួមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖