ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វាបញ្ជូនខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា បានបញ្ជូនខ្លួនបុរសជាអ្នករត់តាក់ស៊ីម្នាក់ដែលល្បួងនារីវ័យក្មេងម្នាក់ឡើងផ្ទះសំណាក់ ប៉ុនប៉ងធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

សមត្ថកិច្ចបានប្រាប់ថា បុរសដែលជាជនសង្ស័យមានឈ្មោះ ហម សុខវី អាយុ២៤ឆ្នាំ មុខរបរបើកបរតាក់ស៊ី មានអាសយដ្ឋាននៅផ្លូវលេខ២៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណែកនារីនារីរងគ្រោះឈ្មោះ អ.ក.ម.ត កើតឆ្នាំ២០០០ មុខរបរ បុគ្គលិកក្រុមហ៊ុន «ប៊ីហ៊ីប» លក់អាហារបំប៉ន មានអាសយដ្ឋាននៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចផ្ទះសំណាក់យីហោ «អាហ្វា» ស្ថិតក្នុងក្រុម៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីមួយបានកើតឡើងរវាងអ្នករត់តាក់ស៊ី នឹងនារីវ័យក្មេងម្នាក់ ដោយនារីរងគ្រោះប្ដឹងចោទប្រកាន់ថាអ្នករត់តាក់ស៊ីបានល្បួងនាងឡើងផ្ទះសំណាក់ ដើម្បីប៉ុនប៉ងធ្វើសកម្មភាពរំលោភ។

ប្រភពពត៌មានពីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញអ្នកទាំងពីរឈ្លោះប្រកែកគ្នានៅបរិវេណផ្ទះសំណាក់និងមានការប្រទាញប្រទុងគ្នា ទំនងនារីរងគ្រោះមិនព្រមចូលផ្ទះផ្ទះសំណាក់ជាមួយបុរសនោះ ហើយក៏ឃើញនារីនោះរត់ចេញមកក្រៅស្រែកឆោឡោដើម្បីឲ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយ ឃើញដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៏ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ គឺចោទប្រកាន់ទៅលើរបុរសជាអ្នករត់តាក់ស៊ីថា ដំបូងគាត់លួងលោមខ្ញុំឲ្យឡើងជិះឡានជាមួយ បន្ទាប់មកគាត់ក៏បើកឡានសំដៅមកផ្ទះសំណាក់ខាងលើតែម្តង ហើយក៏ធ្វើសកម្មភាពល្បួងខ្ញុំឲ្យចូលផ្ទះសំណាក់ដើម្បីរួមភេទជាមួយគាត់ ប៉ុន្តែត្រូវបានខ្ញុំប្រកែកនឹងស្រែកឆោឡោ រត់ទៅឲ្យគេជួយ ហើយក៏ឃើញសមត្ថកិច្ចមកជួយអន្តរាគមន៍នឹងចាប់ឃាត់ខ្លួនបុរសនោះតែម្តង៕ ជ្រោយពេជ្រ


ចែករំលែក៖