ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗបង្ហាញមុខលើកម្រាលព្រំថ្ងៃសម្ពោធរោងភាពយន្ត Major Cineplex by Smart

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញ ផ្សារទំនើប Sorya Center Point  បន្ទាប់ពីតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍សម្ពោធរោងភាពយន្តMajor Cineplex by Smartសាខាខេត្តសៀមរាប និង Sorya Center Point។ កម្មវិធីធ្វើឡើងកាលពីរាត្រីថ្ងៃទី ១៩ នេះ រួមជាមួយវត្តមាន ផលិតករ អ្នកជំនួញ ជាច្រើនចូលរួម។
តារាចម្រៀង សម្តែង បង្ហាញម៉ូត និងពិធីការិនីល្បីឈ្មោះទាំងនោះមានដូចជាលោក ចន អេឡិចហ្សូរ៉ា លោក ខាត់ វ៉ៃហាំង លោក ឈឹម សក្កដា លោក អេឡិច ចិន្ត្រាកញ្ញា មាស សុខសោភា កញ្ញា អេដា កញ្ញា ហិន ចាន់នីរ័ត្ន កញ្ញា ដួង ម៉ានិច កញ្ញា ស៊ីន យូប៊ីន កញ្ញា ឈឹម វត្តី ជាដើម។
រោងភាពយន្ត Major Cineplex by smart ខេត្តសៀមរាបមាន Digital Screen ចំនួន៣ ដែលមានកន្លែងអង្គុយរហូតដល់ ៤៥៧កន្លែង មានទីតាំងទល់មុខផ្សារចាស់។ ចំណែកឯសាខានៅ Sorya Center Point វិញរោងភាពយន្ត Major Cineplex by Smart មាន Digital Screen ចំនួន ៦ ដែលមានកន្លែងអង្គុយរហូតដល់ ៨២០ កន្លែង ជាមួយសាល VIP ដែលមានលក្ខណៈប្រណិត និងផាសុកភាពជាងគេ។
លោក សៅ សុខនី អ្នកគ្រប់គ្រងទូទៅនៃរោងភាពយន្តភាពយន្ត Major Cineplex by smart បានបញ្ជាក់ថា ក្រោយប្រតិបត្តិការដំណើរការរោងភាពយន្តនៅផ្សារទំនើបអ៊ីអនរួចមក លោកសង្កេតឃើញពីការផ្តល់ទំនុកចិត្តនិងរីកចម្រើនកាន់តែខ្លាំង ។ លោកថាសាខាថ្មីនេះ គឺស្ថិតនៅចំណុចទីប្រជុំជនខ្លាំងដែលកាន់តែងាយស្រួលសម្រាប់អតិថិជន។ ក្រៅពីរោងភាពយន្តថ្មីទាំងពីរនេះរោងភាពយន្ត Major Cineplex by Smart ថ្មីមួយទៀតនឹងចាប់ផ្តើមបើកដំណើរការនៅក្នុងអំឡុងខែឧសភា នៅផ្សារទំនើបអ៊ីអនទី២ដែលសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ។
ថ្លែងក្នុងឱកាសនេះដែរតារាចម្រៀងមាស សុខសោភា បានថ្លែងសាទរចំពោះការប្រកាសសម្ពោធជាផ្លូវការនៃរោងភាពយន្តMajor Cineplex by Smartសាខាខេត្តសៀមរាប និង Sorya Center Point នៅពេលនេះដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនក្នុងវិស័យរោងភាពយន្ត និងភាពយន្ត។
តារាស្រីរូបនេះបញ្ជាក់ដែរថា វាឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការរីកចម្រើនវិស័យរោងភាពយន្តនៅកម្ពុជា ដែលមានរោងភាពយន្តទំនើបកាន់តែច្រើន និងជាឱកាសសម្រាប់ផលិតករក្នុងស្រុកបង្កើននិងពង្រឹងស្នាដៃផលិតបន្ថែមដើម្បីប្រកួតប្រជែងជាមួយភាពយន្តក្នុងនិងក្រៅស្រុក។
នាងរំពឹងថា រោងភាពយន្តថ្មីទាំងពីរនេះនឹងផ្តល់ការកម្សាន្តមួយថ្មីប្លែកសម្រាប់អ្នកនិយមទស្សនាភាពយន្ត៕ វឌ្ឍនា

ចែករំលែក៖