ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារច្បារអំពៅរងគ្រោះដោយអគ្គិភ័យ៥៨៨តូប ស្នើដល់អាជ្ញាធរជួយពន្លឿនសាងសង់មុនចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាជីវករផ្សារច្បារអំពៅជាម្ចាស់តូបចំនួន៥៨៨តូប ដែលបានរងគ្រោះនូវអគ្គិភ័យកាលពីកន្លងទៅនោះ ពួកគាត់បានស្នើដល់អាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាជួយពន្លឿនសាងសង់ដំបូលផ្សារ និងតូបលក់ដូរដល់ពួកគាត់ឲ្យបានឆាប់មុនពេលចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។ ជាពិសេសពួកគាត់ក៏បានស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋានទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់នូវថវិកាខ្លះដល់ពួកគាត់ដែលបានខាតបង់សម្ភារៈរបស់របរ ទំនិញជាច្រើនមុខ ដែលបានក្លាយជាផេះផង់ក្នុងភ្នក់ភ្លើង។

លោក លឹម គង់ ជាអាជីវករលក់ចានឆ្នាំងបានឲ្យដឹងថា រូបគាត់មានតូបចំនួន៣ជាប់គ្នាលក់ចានឆ្នាំង ហើយឥឡូវនេះបានក្លាយជាចំណីភ្លើងអស់ហើយមិនដឹងបានដើមឯណាទៀតទេ ហេតុដូច្នេះមានតែសម្តេចតេជោទេដែលអាចជួយដល់ពួកគាត់ជាថវិកាខ្លះគ្រាន់បានដើមទុន។ លោក លឹម គង់ បន្តថាឥវ៉ាន់ច្រើនណាស់បានឆេះអស់ មិនបានយកអ្វីចេញទាន់នោះទេ។ ព្រោះថាពេលភ្លើងឆេះពួកគាត់អាជីវករទាំងអស់ខ្លះផ្ទះនៅឆ្ងាយពីផ្សារ ហើយឆេះពេលយប់អាធ្រាត្រ។ ភ្លើង បានឆេះចេញពីតូប១នៅខាងកើតជ្រុងខាងត្បូង ដែលមុនដំបូងគេថាឆេះតូចតាចទេ ហើយមិនដឹងថាយ៉ាងម៉េចបានជាបណ្តែតបណ្តោយឲ្យរាលដាលធំ។

ទោះបីជាយ៉ាងនេះក្តីក្រុមអាជីវករកាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ បានជួបជុំគ្នានៅក្នុងទីផ្សារកន្លែងឆេះ ហើយពួកគាត់បានផ្តល់បទសម្ភាសទទួចស្នើសុំដល់អាជ្ញាធរធ្វើយ៉ាងណាជួយសាងសង់តូប និងផ្សារឲ្យបានឆាប់មុនចូលឆ្នាំខ្មែរនេះ។

ពាក់ព័ន្ធ និងករណីខាងលើនេះលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បាអំពៅក៏បានស្នើសុំចិត្តដល់បងប្អូនអាជីវករទាំងអស់រក្សាភាពស្ងាត់ស្ងៀម កុំជឿលើការញុះញង់ណាមួយពីសំណាក់ជនឆ្លៀតឱកាស ព្រោះថារហូតមកដល់ពេលនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់មិនព្រងើយកន្តើយនោះទេ។ លោកបានខិតខំយ៉ាងសស្រាក់ស្រាំរៀបចំតាមការស្នើសុំរបស់បងប្អូនអាជីវករ ដែលបានប្រជុំឯកភាពគ្នាកាលពីថ្ងៃទី១៦មិនាកន្លងទៅ។

លោកគួច ចំណាន បានពន្យល់ដល់ក្រុមអាជីវករនៅកន្លែងកើតហេតុថា ប្រមុខរាឃរដ្ឋាភិបាលមិនព្រងើយកន្តើយនោះទេ សម្តេចតែងតែបានគិតគូរដល់បងប្អូនអាជិវកររងគ្រោះ ដូចដែលបានឃើញកន្លងទៅ។ សម្តេចតែងតែបានជួយឧបត្ថម្ភជាថវិកាក្តី ជាសម្ភារៈក្តី។ ពេលរូបលោកផ្ទាល់ជាប្រធានផ្សារ និងអនុប្រធានផ្សារបានប្រឹងប្រែងណាស់ដើម្បីបងប្អូនអាជីវករ៕ តាឡឹម


ចែករំលែក៖