ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្ដាល បង្ហាញមុខឃាតកសម្លាប់ស្ដ្រីញាត់ចូលក្នុងធុងទឹកកក និងក្រុមជនដៃដល់សម្លាប់បុរសម្នាក់ នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខ ក្រុមឃាតករក្នុងអំពើរឃាតកម្ម២ករណីផ្សេងគ្នា ។ ដោយករណីទី១ បង្ហាញមុខឃាតកសម្លាប់ស្ដ្រីរួចញាត់ចូលក្នុងធុងទឹកកក រួចយកទៅទម្លាក់ចោលនៅម្ដុំស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល និងករណីមួយទៀត គឺបង្ហាញក្រុមឃាតករចំនួន៦នាក់ក្នុងចំណោមបក្ខពួក៩នាក់ដែលសម្លាប់យុវជនម្នាក់ នៅស្រុកកោះធំ ។

លោកឧត្តសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្ដាលបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ចែមីនា ឆ្នាំ២០១៨ មានអំពើឃាតកម្មចំនួន២ករណី ដោយករណីទី១ គឺឃាតករបានស្លាប់ស្រ្តីម្នាក់ដោយកាប់ចិញ្ច្រាំជាច្រើនកាំបិត រួចញាត់ចូលក្នុងធុងទឹកកក ទម្លាក់ចោលក្បែរគល់ស្ពានព្រែកព្រះគន្លង ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ក្រោយពីលោកបានទទួលព័ត៌មានភ្លាម លោកបានបញ្ជាឲ្យកម្លាំងជំនាញចុះធ្វើការពិនិត្យសាកសពនារីរងគ្រោះនៅចំណុចកើតហេតុខាងលើ រួចបានធ្វើកាសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ស្រាវជ្រាវស៊ើបអង្កេត រហូតចាប់ខ្លួនជនសង្ស័យបាន នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសម្លាប់នារីរងគ្រោះឈ្មោះ សឿន សុខផេង ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកស្រ្តីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក ឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះខាងលើបណ្តាលមកពីរូបគេត្រូវការលុយព្រោះជនសង្ស័យលេងល្បែងចាញ់និងជំពាក់លុយគេច្រើន។ ហើយរូបគេ(ជនសង្ស័យ)និងស្ត្រីរងគ្រោះជាសង្សានិងគ្នា។ ជនសង្ស័យបានបន្តថាថ្ងៃកើតហេតុស្ត្រីរងគ្រោះបានមបន្ទប់ជួលរបស់ជនសង្ស័យជួលដើម្បីឱ្យជនល្មើសខាត់ស្បែកឱ្យ។ បន្ទាប់ខាត់ស្បែកហើយស្ត្រីរងគ្រោះបានចូលក្នុងបន្ទប់ទឹកដែលជនល្មើសរាយខ្សែភ្លើងបង្កប់ដើម្បីឆក់ជនរងគ្រោះ ពេលដែលនារីរងគ្រោះចូលបន្ទប់ទឹក ជនល្មើសបានដោតឌុយភ្លើងបណ្តាលឱ្យឆក់នារីរងគ្រោះរហូតដល់សន្លប់បន្ទាប់ជនសង្ស័យបានយកអង្រែបុកគ្រឿងវាយបន្ថែម ខ្លាចមិនស្លាប់ជនសង្ស័យបានយកកាំបិតចាក់ជាច្រើនកន្លែងទៀត។

ជនសង្ស័យបានបញ្ជាក់ថាខ្លួនចាញ់ល្បែងនិងបានយកម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាកហុងដា DREAM ឆ្នាំ២០១៨ យកទៅបញ្ចាំក្រោយពេលសម្លាប់នារីរងគ្រោះខាងលើជនសង្ស័យបានយកម៉ូតូជនរងគ្រោះម៉ាកZoomer X មួយគ្រឿងទៅលក់និងយកលុយទៅលោះម៉ូតូរបស់ខ្លួនមកវិញ ។

លោកស្នងការបានបន្តទៀតថា ចំពោះករណីទី២ គឺក្រុមជនសង្ស័យ៦នាក់ក្នុងចំណោមបក្ខពួក៩នាក់ បានកាប់ទៅលើយុវជនម្នាក់ ដែលត្រឡប់មកពីលេងបុណ្យបញ្ចុះខណ្ឌសីមានវិញ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ៥០នាទី នៅចំណុច លើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ក្រោយពីមានហេតុការណ៏កើតឡើង លោកបានបញ្ជាឲ្យកម្លាំងចុះធ្វើស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យបានចំនួន៦នាក់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។

ជនសង្ស័យមាមបក្ខពួក៩នាក់ មានឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់(ឃាត់ខ្លួន), ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម(ឃាត់ខ្លួន), ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន), ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កាប់ជ្រូកលក់(ឃាត់ខ្លួន), ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន), ទី៦-ឈ្មោះ សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល (គេចខ្លួន), ទី៧-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន), ទី៨-ឈ្មោះ ជ្រុយ វុទ្ធា(ហៅធា) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន) និងទី៩-ឈ្មោះ មាន លាងហ៊ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន)។

វត្ថុតាងចាប់យកៈ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវចំនួន ០២ដើម កាំបិតចំនួន ០២ដើម, ទូរស័ព្ទចល័តចំនួន ០៦គ្រឿង។

ចំណែកជនរងគ្រោះឈ្មោះ ចេក ភាព អាយុ២០ឆ្នាំ ភេទប្រុស មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មូលហេតុដែលពួកសម្លាប់ ព្រោះជនរងគ្រោះមានទំនាស់ជាមួយនិងក្រុមរបស់ខ្លួន ឈ្មោះKTS ដែលជាGroup របស់ពួកគេប្រើក្នុងFacebook របស់ជនសង្ស័យទាំងអស់ខាងលើ ដើម្បីទំនាក់ទំនងគ្នា ។

ចំពោះជនសង្ស័យ៣នាក់ទៀតរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្តទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តកណ្តាលបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

 


ចែករំលែក៖