ខេត្តសៀមរាប៖ ពលរដ្ឋឈូសឆាយដីដាំដំឡូង ប្រទះឃើញគ្រាប់យុទ្ធភភ័ណមិនទាន់ផ្ទុះ១៤គ្រាប់ ហើយរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយលើ ហេតុការណ៍ប្រទះឃើញនៅថ្ងៃអង្គារ៍ ៤ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព. ស ២៥៦១ត្រូវនឹងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ស្ថិតនៅចំណុចស្រែគោកកន្សែង ក្នុងភូមិត្រពាំងស្វាយ (ត្រពាំងខ្ទះ)ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីឱប្រមូលយកមកទុកនៅទីមានសុវត្ថិភាព។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការស្រុកស្វាយលើបានប្រាប់នៅរសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ថា បន្ទាប់ពីមាន ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ១៤គ្រាប់ ក្នុងដីចំការដំឡូង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយលើ ចុះទៅប្រមូលយកមកទុកនៅទីមានសុវត្ថិភាព រួចប្រគល់បន្តទៅឲ្យ អង្កការដោះមីនកម្ពុជា ប្រចាំខេត្តសៀមរាប។
លោកបានបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេលសល់ពីសម័យសង្គ្រាម ហើយជាស្រុកមួយដែលក្តៅបំផុត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយលើទាំងអស់មេត្តា ត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីចៀងវាងគ្រោះថ្នាក់។ គ្រាប់ ១៤គ្រាប់៖-មានគ្រាប់៦០មីល្លីម៉ែត្រ ១០គ្រាប់ -គ្រាប់៨២មីល្លីម៉ែត្រ ១គ្រាប់ – គ្រាប់៨៥មីល្លីម៉ែត្រ ១គ្រាប់ – គ្រាប់៧៥មីល្លីម៉ែត្រ ១គ្រាប់ -ក្បាលគ្រាប់៦០មីល្លីម៉ែត្រ ១គ្រាប់ ។
បច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ១៤គ្រាប់ ដែលប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចនោះ ត្រូវបានអង្គការដោះមីននៅកម្ពុជា ប្រចាំខេត្តសៀមរាប យកទៅកំទេចចោល នៅទីតាំង ចំការរបស់គាត់ តែម្ដង ៕ ប៊ុនរិទ្ធី