ភ្នំពេញ ៖ បុរសរត់ម៉ូតូឌុបម្នាក់ បានរងរបួសដេចំនួន៣០ថ្នេរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីទៅសួនាំបុគ្គលិកផ្ទះសំណាក់មួយកន្លែងរឿងផឹកសុីមកមុនហើយត្រូវគេកាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង២០នាទីព្រលប់ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់វិមានមាស ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សុខ វុធាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនបង្កមានឈ្មោះ អាណែត ភេទប្រុស អាយុប្រហាក់ប្រហែលនឹងជនរងគ្រោះ មុខរបរបុគ្គលិកផ្ទះសំណាក់ ស្នាក់នៅនៅក្នុងផ្ទះសំណាក់ខាងលើ មានស្រុកកំណើតនៅខេត្តតាកែវ អ្នកទាំង២ជាមិត្តភក្តិនិងគ្នា។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ នៅវេលាម៉ោង០៤រសៀល ជនបង្កបាននាំរូបគាត់ទៅផឹកស៊ីនៅម្ដុំផ្លូវ២០០៤ ដោយនិយាយគ្នាថាឲ្យចេញលុយចំនួន២ម៉ឺនរៀល ឬឯជនបង្កចេញចំនួន៥ម៉ឺនរៀល បន្ទាប់មកនាក់ទាំង២បានផឹកស្រាអស់ជាងមួយម៉ោង ជនបង្កជាបុគ្គលិកផ្ទះសំណាក់សុំចេញទៅមុនប្រាប់ថា មានរវល់ ហើយជនរងគ្រោះបានផឹកជាមួយនាក់ផ្សេងបន្តរហូតដល់ពេលល្ងាចហើយចេញថ្លៃផឹកស៊ីអស់ចំនួនជាង១០ម៉ឺនរៀល ក៏បានត្រលប់ទៅផ្ទះវិញ ។
ប្រភពដដែលបានបន្តទៀតថា លុះជនរងគ្រោះត្រលប់មកដល់ផ្ទះសំណាក់ខាងលើ ពេលឃើញជនបង្ក ហើយបាននិយាយថា «អែងបបួលអញទៅផឹក ម៉េចអែងមកចោលអញបាត់ មិនចាំមកជាមួយគ្នា!» ហើយនៅពេលនោះជនរងគ្រោះបានច្រានជនបង្កលេង ហើយជនបង្កខាងលើបាននិយាយថា «ម៉េចអែងរកវាយអញមែន» ជនរងគ្រោះឆ្លើយថា «អញច្រានលេងតើ» នៅពេលនោះជនបង្កស្ទុះទៅក្នុងផ្ទះសំណាក់ ហើយយកកាំបិតប៉័ងតោមកកាប់ទៅលើជនរងគ្រោះចំនួន២ដងខុស បណ្ដាលឲ្យជនរងគ្រោះដួល ហើយជនបង្កកាប់មួយកាំបិតបុ័ងតោទៀតចំខាងក្រោមក្លៀកផ្នែកខាងឆ្វេងរយះយ៉ាងធ្ងន់ធ្ង រហើយជនបង្ករត់ចូលក្នុងផ្ទះសំណាក់បាត់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានមកដល់ជួយអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែអ្នកមើលការខុសត្រូវមិនឲ្យចូល រង់ចាំម្ចាស់ផ្ទះសំណាក់អនុញ្ញាតឲ្យចូល ទើបឲ្យកម្លាំងឆែកឆេរហើយជនបង្កខាងលើគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានបងប្អូនដឹកតាមកង់៣យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដេរ៣ជាន់ ចំនួនជាង៣០ថ្នេរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្តឹងភ្លាមៗទេ ព្រោះរងរបួសធ្ងន់ រង់ចាំធូរស្រាលបន្តិចជនរងគ្រោះទៅដាក់ពាក្យប្ដឹង ដើម្បីឲ្យសមកិច្ចចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ៕សុខាសែនជ័យ