ភ្នំពេញ៖ ទីតាំផ្ទះល្វែងស្តុកទំនិញមួយកន្លែង ស្ថិតក្នុងក្រុម៨ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះសង្ស័យផ្តើមមកពីទុស្សេចរន្តភ្លើងនៅជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើលឆោឡោ ទាំងអ្នកក្បែរខាង ទាំងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយទៅអន្តរាគមន៍សង្រ្គោះ កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ តែសំណាងល្អមិនប៉ះពាល់ដល់ឥវ៉ាន់ នឹងផ្ទះអ្នកជិតខាង។
ផ្ទះរងគ្រោះខាងលើមានម្ចាស់ឈ្មោះ ហេង សុខចេង ភេទស្រី អាយុ៣៥ឆ្នាំ មានប្តីឈ្មោះ លឹម ជីមុីន អាយុ៣៧ឆ្នាំ មុខរបរលក់សម្ភារប្រើប្រាស់បោះដុំ និងរាយនៅផ្សារអូឡាំពិក រស់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុមានធំក្លិនឈ្ងៀម ហើយហុយផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ផ្ទះល្វែងក្នុងបុរីពិភពថ្មីជាន់ទី១ ដែលជាផ្ទះស្តុកទំនិញទើបបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចក៏បានយករថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងរបស់ស្នងការរាជធានីភ្នំពេញចេញទៅដល់កន្លែងកើតហេតុជួយបាញ់ទឹកពន្លត់អស់ចំនួន៤គ្រឿង ហើយភ្លើងក៏បានរលត់អស់ទៅវិញ មិនមានរាលដាលដល់កន្លែងផ្សេង ក៏ដូចជាផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទេ ដោយចំណុចភ្លើងឆេះនោះជាបន្ទប់ដេកសម្រាក។ រីឯទំនិញស្តុកនៅជាន់ក្រោមរងការខូចខាតសម្ភារបន្តិចបន្តួចប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងករណីអគ្គិភ័យនេះដែរ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបង្កើនការប្រុងប្រយ័ត្ននូវការប្រើប្រាស់ចរន្តភ្លើង សម្ភារ បរិក្ខាប្រើដោយចរន្តអគ្គិសនី ដែលអាចងាយឆ្លង ទុស្សេដែលជាដើមចមបង្កឲ្យកើតគ្រោះអគ្គិយភ័យកើតឡើងជាយថាហេតុ៕ អរុណរះ