ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួលកម្មការិនីរោងចក្រ បានសម្រេច៣បន្ទប់ លួចបានហើយទៅបន្តទៅគាស់បន្ទប់ជួលទី៤ ស្រាប់ម្ចាស់ផ្ទះមកទាន់ចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អូន តារា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រកដ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
តាមប្រភពពត័មានពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកអង្គុយលេងនៅតូបកាហ្វេរ ខណៈកំពុងអង្គុយលេងគាត់ក៏បានឆែកកាមេរ៉ាសុវត្តិភាពមើលក្នុងបរិវេនផ្ទះជួលស្រាប់តែឃើញជនសង្ស័យមា្នក់ កំពុងធ្វើសកម្មភាពគាស់បន្ទប់កម្មការិនីរោងចក្រ ភ្លាមនោះរូបគាត់បានស្រែកថាចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរព័ទ្ធចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់កាបន្ត៕ អារុណរៈ