ភ្នំពេញ ៖ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញបានឱ្យដឹងនៅ រសៀលថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ថា លោក ហម ម៉េងសែ អនុប្រធានតុលាការរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រី ជនត្រូវចោទ២នាក់ ដែលជាមេបនល្បែង កន្ទុយលេខ កណ្តាលផ្សារ ប្រចាំភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងបានអនុញ្ញាតឱ្យពួកគេត្រលប់ទៅផ្ទះ វិញហើយ។
ដោយគោរព និងអនុវត្តតាមគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយ គតិបណ្ឌិតនោះ ជនត្រូវចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ជាមួយវត្ថុតាងជាច្រើន ។ ខណៈ ពួកគេកំពុងតែ កត់ឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់។
ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនស្ត្រីទាំង២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តែទីបំផុត ស្ត្រីទាំង២នាក់បានទទួលឱកាសទៅប្រកបរបរនេះវិញដដែល។
ពាក់ព័ន្ធករណីនេះ លោក តុប ឈុនឡុង ដែលជាតំណាងអយ្យការកាន់សំណុំរឿង បានថ្លែងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា លោកបាន បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ លាង អីុម ភេទស្រី អាយុ៤៩ឆ្នាំ និងឈ្មោះ ទ្រី ផារី ភេទស្រី អាយុ២៩ឆ្នាំ ពីបទបើកកន្លែងលេងល្បែងស៊ីសងដោយខុសច្បាប់ យោងតាមមាត្រា៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។
លោក តុប ឈុនឡុង បានអះអាង បន្ដថា សំណុំរឿងនេះក្នុងនាមជាតំណាងអយ្យការលោកបានស្នើសុំឱ្យចៅក្រម ស៊ើបសួរ ឃុំខ្លួនជនត្រូវចោទទាំង២នាក់ ប៉ុន្តែនៅពេលសំណុំរឿងនេះស្ថិតក្រោម ការចាត់ការរបស់លោក ហម ម៉េងសែ បែរជាសម្រេចដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៅវិញ (ដោះលែង) ពោល គឺមិនឃុំខ្លួនតាមសំណើរបស់លោក ឡើយ។
លោក តុប ឈុនឡុង បន្ថែមថា លោក បានទទួលសេចក្តីជូនដំណឹង ស្តីពីការ សម្រេចដាក់ជនត្រូវចោទឱ្យស្ថិតក្រោមត្រួតពិនិត្យតាមផ្លូវតុលាការរបស់លោក ហម ម៉េងសែ ដោយកូនចៅលោកយកឱ្យ លោកចុះហត្ថលេខា លោកក៏ចុះទៅដោយ មិនបានមើលផង។
ទោះជាយ៉ាងណាលោក តុប ឈុនឡុង ក្នុងនាមជាតំណាងអយ្យការកាន់សំណុំរឿងបានសុំមិនឆ្លើយតបនឹងសំណួរថា តើលោកតំណាងអយ្យការយល់យ៉ាងណាចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរ និងប្តឹង ឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនេះដែរឬទេ?
លោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់តាម TELEGRAM នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះថា លោក ហម ម៉េងសែ ជាចៅក្រមស៊ើបសួរបានសម្រេចដាក់ជនត្រូវចោទឱ្យជាប់កាតព្វកិច្ចស្ថិតនៅក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ ដោយសារតែជន ត្រូវចោទ មិនមែនជាមេកន្ទុយលេខ និងដោយបានពិនិត្យទៅលើស្ថានភាពជាក់ស្តែង និងមូលដ្ឋានច្បាប់ផងដែរ។
សូមជម្រាបជូនថា ការដោះលែងជនត្រូវចោទបែបនេះមិនមែនជាលើកទីមួយឡើយដែលលោកចៅក្រម ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញដែលជាអតីតចៅក្រមធ្លាប់ត្រូវបានក្រសួងយុត្តិធម៌ដាក់ពិន័យឱ្យអត់ប្រាក់ខែ១ឆ្នាំ ព្រោះ តែដោះលែងជនសង្ស័យនោះ។
ក្រោយពីបានមកកាន់តំណែងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ក៏ធ្លាប់បានដោះលែងជនត្រូវចោទឈ្មោះ សាក់ សុវណ្ណមុនី ភេទប្រុស អាយុ២២ មុខរបរ អ្នកថតរូប ទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធ បទល្មើស បើកបរធ្វេសប្រហែសខ្ជីខ្ជា មិន ប្រុងប្រយ័ត្ន បណ្តាលឱ្យមានរបួសដល់ អ្នកដទៃចំនួន២នាក់ ប្រព្រឹត្តកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខវត្តគោក អំពិល ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក ហម ម៉េងសែ ក៏ធ្លាប់បានដោះលែងជនត្រូវចោទម្នាក់ឈ្មោះ ស៊ុយ សារៈទី ដែលបានបើករថយន្តកិនកុមារ អាយុ៩ឆ្នាំម្នាក់ស្លាប់ នៅខណ្ឌដង្កោ ផងដែរ ។
សូមបញ្ជាក់ថា លោកចៅក្រម ហម ម៉េងសែ ត្រូវបានតែងតាំងក្នុងក្របខ័ណ្ឌ អង្គចៅក្រម ដោយព្រះរាជក្រឹត្យលេខជ ស / រកត /០១៩៨/០០៨ ចុះ ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩៨ ។
ក្រោយមកលោក ហម ម៉េងសែ ក្នុង ពេលបំពេញការងារជាចៅក្រមនៅក្នុង តុលាការក្រុងភ្នំពេញ ត្រូវបានទទួលរងការ ដាក់ទណ្ឌកម្ម វិន័យក្រោមរូបភាពព្យួរពីការ ងារមិនឱ្យមានបៀវត្សរ៍ក្នុងរយៈពេល កំណត់១ឆ្នាំ និងត្រូវបានផ្លាស់ដោយបង្ខំ ចេញពីតុលាការក្រុងភ្នំពេញ ដោយព្រះរាជ ក្រឹត្យលេខ នស / រកត /០៨០៥/៣៤៣ ចុះ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០០៥។
ការសម្រេចដាក់ពិន័យ លើលោកចៅ ក្រម ហម ម៉េងសែ របស់ក្រសួងយុត្តិធម៌នា ពេលនោះ ដោយសារតែមានប្រតិកម្ម របស់ក្រសួងមហាផ្ទៃ នាដើមឆ្នាំ២០០៥ កន្លងទៅ។
នៅពេលនោះលោក ឌិត មុន្ទីរ ប្រធាន តុលាការកំពូល និងជាប្រធានក្រុមប្រឹក្សា វិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានស៊ើបអង្កេត និងស្រាវជ្រាវ រកឃើញ ថា លោកចៅក្រម ហម ម៉េងសែ បានដោះ លែងជនជាប់ចោទ មិនប្រក្រតី ចំនួន៩នាក់ និងសម្រេចឃុំខ្លួនមនុស្សខុសច្បាប់កំណត់ ចំនួន៦នាក់ ដោយរួមមានទាំង អនីតិជន ទាំងបទមជ្ឈិម។
ក្រោយពីស្រាវជ្រាវរកឃើញកំហុស របស់លោកចៅក្រម ហម ម៉េងសែ រួចហើយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០០៥ លោក ឌិត មុន្ទីរ ក៏បានធ្វើរបាយការណ៍ គោរពជូន សម្តេច ឭអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាពិនិត្យ និងសម្រេច។
ក្រោយពីអនុវត្តវិន័យរួចលោកចៅក្រម ហម ម៉េងសែ ត្រូវបានបញ្ជូនទៅធ្វើការនៅតាមសាលាដំបូងខេត្តមួយចំនួន រួមមាន ខេត្ត កោះកុង ខេត្តស្វាយរៀង និងខេត្ត កំពង់ឆ្នាំង។
លុះនៅចុងឆ្នាំ២០១៧ ត្រូវបានផ្ទេរមុខ តំណែង ពីអនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ឱ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងរាជធានី ភ្នំពេញ ជាកន្លែងដែលចៅក្រមរូបនេះធ្លាប់ប្រព្រឹត្តខុសរហូតទទួល ពិន័យ តាមរយៈ ព្រះរាជក្រឹត្យលេខ នស / រកត /០៨១៧/៦០៨ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧៕ ហេង សូរិយា