ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារបើកកិច្ចប្រជុំពេញអង្គលើកទី៤ផ្តោតលើការជួសជុលប្រាសាទព្រះវិហារ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨គណៈ កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន ប្រាសាទព្រះវិហារ បានបើកកិច្ចប្រជុំពេញអង្គលើកទី៤របស់ខ្លួននៅស្នាក់ការអាជ្ញា ធរជាតិអប្សរា នាខេត្តសៀមរាប។ កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយ ចំនួនដូចជាការងារអភិរក្សនិងអភិវឌ្ឍនៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

អង្គប្រជុំមានការអញ្ជើញចូលរួមពី សំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា ប្រធានអាជ្ញាធរជាតិអប្សរា សហប្រធាន កិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ មានប្រទេស ចិននិងប្រទេសឥណ្ឌាតំណាងទូតស្ថាប័ន ដៃគូអភិវឌ្ឍន៍ មន្រ្តីរាជការ ព្រមទាំងអ្នក ជំនាញជាតិនិងអន្តរជាតិជាច្រើន ។ មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៤ លោកស្រី ភឿង សកុណា បានសម្តែងអារម្មណ៍សប្បាយរីករាយដែល បានចូលរួមក្នុងកិច្ចប្រជុំនិងបង្ហាញការវិវត្តនៃការងារសំខាន់ៗដែលភាគីពាក់ព័ន្ធបាន បំពេញនាពេលកន្លងមក លើការងារជួស ជុលនិងអភិរក្សទាំងនៅប្រាសាទព្រះវិហារ និងនៅប្រាសាទកោះកេរ។ រីឯកិច្ចប្រជុំនាពេលនេះក៏កំពុងបង្ហាញនូវដំណើរការដ៏ ត្រឹមត្រូវ ហើយលោកស្រីសង្ឃឹមថា សកម្មភាពការងារជួសជុលក្នុងប្រាសាទព្រះវិហារ និងតំបន់កោះកេរនឹងត្រូវបានពង្រីកនា​ពេល​ខាងមុខ ។

ក្នុងនាមអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានប្រសាសន៍ថា អង្គប្រជុំនេះមានរបៀប វារៈសំខាន់ផ្តោតលើការសហប្រតិបត្តិការ ពិសេសសហប្រធានប្រទេសចិន និងឥណ្ឌា រួមជាមួយដៃគូសហប្រតិបត្តិការផ្សេងៗទៀត ដែលបានបង្ហាញឆន្ទៈនៃការចូលរួមជួសជុលប្រាសាទព្រះវិហារ និងមួយផ្នែក ទៀតនៅប្រាសាទកោះកេរ។ បន្ថែមលើស នេះ អង្គប្រជុំក៏នឹងពិភាក្សាផងដែរអំពី បញ្ហាបរិស្ថានផងដែរព្រោះថា ដោយសារ ទីនោះជាតំបន់ភ្នំ ហើយនៅខែវស្សាមាន បញ្ហាទឹកហូរច្រោះ និងខែប្រាំងមានភ្លើង ឆេះព្រៃ ។

គួរបញ្ជាក់ថា នៅប្រាសាទព្រះវិហារ មានខ្លោងទ្វារ (Gupura) ចំនួន៥ ដែល នីមួយៗមានសភាពទ្រុឌទ្រោម ។ នាពេល កន្លងមកភាគីចិន ធ្លាប់បានសន្យាជួសជុលប្រាង្គនិងខ្លោងទ្វារទី១ទី២និងទី៣ ចំណែក ឯភាគីឥណ្ឌា សន្យាជួយជួសជុលខ្លោងទ្វារ ទី៥ និងជណ្ដើរខាងជើង។ រិឯប្រទេសរុស្ស៊ី ក៏បានសន្យាជួសជុលខ្លោងទ្វារទី៤ផងដែរ ៕ ហេង សូរិយា


ចែករំលែក៖