ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាមេដឹកនាំ អឺរ៉ុប គាំទ្រដល់អង់គ្លេសដាក់ទណ្ឌកម្មរុស្ស៊ីពាក់ព័ន្ធការបំពុលអតីតចារបុរស

ចែករំលែក៖

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានថានឹងដាក់ទណ្ឌកម្ម ផ្សេងទៀតទៅលើប្រទេសរុស្ស៊ី ហើយអឺរ៉ុប នឹងរួមដៃគ្នាធ្វើនូវរឿងនោះ។ បណ្តាមេដឹក នាំអឺរ៉ុប បានបង្ហាញការគាំទ្រដល់រដ្ឋាភិ បាលអង់គ្លេសដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។

ប្រធានាធិបតីប្រតេសឡាតវៀ លោក Grybauskaite បានប្រកាសថានឹងបណ្តេញបណ្តាក្រុមចារកិច្ចរុស្ស៊ីចេញពីអឺរ៉ុប និង បណ្តាប្រទេសតំបន់បាល់ទិក ។ ទំនាក់ ទំនង រវាងអង់គ្លេសនឹងរុស្ស៊ីកាន់តែតានតឹង ក្រោយពេល អង់គ្លេសបណ្តេញមន្ត្រីការបរទេសរុស្ស៊ី២៣នាក់ចេញពីប្រទេស​របស់ខ្លួន ហើយរុស្ស៊ីក៏បណ្តេញមន្ត្រីអង់ គ្លេស ២៣នាក់ផងដែរ។

ពាក់ព័ន្ធនឹងករណីខាងលើ សហគមន៍ អឺរ៉ុប បានបើកជំនួបកំពូល ពិភាក្សាទៅលើ សំណុំរឿងជាច្រើន ក្នុងនោះមានទាំងការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប អាមេរិកដំឡើងពន្ធ និងបញ្ហារុស្ស៊ីជាដើម។ ជំនួបពិភាក្សា របស់មេដឹកនាំអឺរ៉ុប ធ្វើឡើង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២និង២៣ ខែមីនា នៅទីក្រុងប្រ៊ុចសែល ជាមួយនឹងសំណុំរឿងក្តៅគគុកជាច្រើនដូចជា ជម្លោះរវាងអង់គ្លេសនឹងរុស្ស៊ីជុំវិញការបំពុលអតីតភ្នាក់ងារចារកិច្ច ការអនុម័តកិច្ចព្រមព្រៀងអន្តរកាលក្រោយការចាកចេញរបស់អង់គ្លេស កំណែទម្រង់តំបន់អឺរ៉ូ ស្នើឡើងដោយ ប្រធានាធិបតីបារាំង កំណែទម្រង់នយោបាយពាណិជ្ជកម្មសហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការយកពន្ធនាំចូលដែកថែបនិង អាលុយមីញ៉ូម របស់សហរដ្ឋអាមេរិក។

ការពារខ្លួនប្រឆាំងនឹងនយោបាយបំប៉នតែសេដ្ឋកិច្ចជាតិឯងរបស់បណ្តាប្រទេស មួយចំនួនដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប អនុវត្តបទដ្ឋានសង្គមនិងបរិស្ថាន ក្នុងការផ្តាស់ប្តូរពាណិជ្ជកម្ម និងគ្រោងត្រួតពិនិត្យវិនិយោគបរទេសក្នុងវិស័យយុទ្ធសាស្ត្រ នេះជាប្រធានបទនៃជំនួបកំពូលដែល សហភាពអឺរ៉ុបត្រូវលើកយកមកជជែក ពិភាក្សាគ្នាដោះស្រាយ។

ការជជែកពិភាក្សាអាចនឹងប្រព្រឹត្តទៅក្នុងបរិយាកាសពិសេសខុសសព្វមួយដង ដោយហេតុតែបរិបទតម្រូវ ។ អាមេរិកកំពុងត្រៀមយកពន្ធនាំចូលដែកថែប និង អាលុយមីញ៉ូមពីចិន ហើយអាចនឹងធ្វើដូចគ្នាជាមួយដៃគូនៅសហភាពអឺរ៉ុប។ សមា ជិកសហភាពអឺរ៉ុប ទាំង២៨មានគម្រោងដាក់ទណ្ឌកម្មលើការនាំចូលផលិតផល ចំណីអាហារមកពីអាមេរិកតបវិញ ហើយក៏នឹងអាចរាលដាលបន្តដល់វិស័យអុីនធើណេតទៀតផង។ គណៈកម្មការអឺរ៉ុប ត្រូវ ពិចារណាលើប្រធានបទដ៏រសើបខ្លាំងមួយដែរ គឺចង់យកពន្ធលើក្រុមហ៊ុនយក្សផ្នែក ព័ត៌មានវិទ្យារបស់អាមេរិកដូចជា ក្រុមហ៊ុន Google Apple Facebook និង Amazon ដែលអឺរ៉ុបប្រសិទ្ធនាមថាក្រុម GAFA។ សំណុំរឿងនេះអាចនឹងត្រូវប៉ះពាល់និងរារាំងដោយប្រទេសអៀរឡង់ និងក្រុមប្រទេសអឺរ៉ុបតូចៗមួយចំនួនដែលស្និទ្ធនឹងអាមេរិក។

ប្រធានបទជាអាទិភាពមួយទៀត សម្រាប់ជំនួបលើកនេះ គឺការចាកចេញ របស់អង់គ្លេសពីសហភាពអឺរ៉ុប។ អឺរ៉ុបនិងអង់គ្លេសបានរកឃើញកិច្ចព្រមព្រៀងអន្តរកាលមួយក្រោយការចាកចេញរបស់អង់គ្លេស កាលពីដើមសប្តាហ៍ ប៉ុន្តែនៅមាន ចំណុចរសើបជាច្រើនទៀតដែលដោះស្រាយមិនទាន់ចេញ ត្រូវបន្តពិភាក្សាគ្នានៅក្នុង ជំនួបកំពូលនេះ នោះគឺបញ្ហាព្រំដែនរវាងសាធារណរដ្ឋអៀរឡង់និងអៀរឡង់ខាងជើងរបស់អង់គ្លេស។

ប្រធានបទនយោបាយអន្តរជាតិរបស់សហភាពអឺរ៉ុប ក៏មានចំណែកដ៏សំខាន់ មួយដែរនៅល្ងាចនេះ ! សហភាពអឺរ៉ុបត្រូវរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយក្រុម ប្រទេសនៅតំបន់បាល់កង់ ឬ ភាពតានតឹង រវាងក្រិក ជាមួយទួរគី និងជាពិសេសរវាងអង់គ្លេសនឹងរុស្ស៊ី ដោយសារការបំពុល អតីតភ្នាក់ងារចារកិច្ចរុស្ស៊ីនៅក្នុងទឹកដីអង់គ្លេស។ អង់គ្លេស ដែលនៅជាសមាជិកយ៉ាងពេញសិទ្ធិនិងពេញលេញរបស់សហភាពអឺរ៉ុប ចង់បានសេចក្តីថ្លែងការណ៍រួម ២៨ ប្រទេស ថ្កោលទោសការជ្រៀតជ្រែករបស់រុស្ស៊ី។

ដោយឡែក លោកប្រធានាធិបតីបារាំង កំពុងសាកល្បងបញ្ចុះបញ្ចូលដៃគូក្នុង សហភាពអឺរ៉ុបឱ្យយល់អំពីតម្លៃនៃការធ្វើ កំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ។ បារាំង ត្រូវប្រឹងខ្លាំងមែនទែន បើចង់សម្រេចគូសជាផែនទីចង្អុលផ្លូវបាននៅជំនួបលើក ក្រោយ (ខែមិថុនា) ព្រោះមានប្រទេសខ្លះ ដូចយ៉ាងប្រទេសហុល្លង់មិនចង់ឮទេ។ ប៉ុន្តែប្រធានបទនេះហាក់ដូចជាពុំសូវមានអាទិភាពខ្លាំងទេ នៅថ្ងៃនេះ៕ ម៉ែវ សាធី


ចែករំលែក៖