ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ទាហានស័ក្កិ៣ម្នាក់បន្ទាប់ពីធ្វើទារុណកម្មលើសង្សារនិងបង្ខាំងទុកនៅក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលបានធ្វើការជួយរំដោះនារីម្នាក់រួចផុតពីគ្រោះថ្នាក់បន្ទាប់ពី មន្ត្រីពេទ្យទាហានម្នាក់ដែលមានឋានន្តរស័ក្ដិជាអនុសេនីយ៍ឯក (ស័ក្តិ៣) បានធ្វើទារុណកម្មអំពើហិង្សា យ៉ាងសាហាវបំផុត ព្រមទាំងចាក់សោបង្ខាំងនៅក្នុងបន្ទប់ជួល។ចំណែកទាហាននោះត្រូវបាននគរបាលចាប់ឃាត់ខ្លួននាំមកធ្វើការសាកសួ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះ អឹក សំអាង អាយុ៣០ឆ្នាំ មុខបរជាមន្ត្រីពេទ្យទាហានពាក់ស័ក្តិ៣ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ ស.យ អាយុ២១ឆ្នាំ មុខរបរក្រុមហ៊ុនមួយ មានស្រុកកំណើត ស្រុកពញឮ ខេត្តកណ្តាល។

ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូប​នាង និង​បុរស​ដែល​ជា​សង្សារ​មាន​ទំនាក់ទំនង​គ្នា ចាប់តាំងពី​ខែវិច្ឆិកា ២០១៧​មក ហើយ​ចាប់ផ្ដើម​រស់នៅ​ជាមួយ​គ្នា​ក្នុង​អំឡុង​ខែមករា ២០១៨ មក​ទល់​ឥឡូវ​។ នារី​រង​គ្រោះ​បញ្ជាក់​ថា រូប​នាង​ធ្លាប់​មាន​គូ​ដណ្ដឹង​ម្ដង​រួច​មក​ហើយ ហើយ​បាន​ជ្រុលជ្រួស មានកូន​ជាមួយ​គ្នា តែ​ត្រូវ​យក​ចេញ​។ ក្រោយមក​ក៏​មាន​បញ្ហា​ជាមួយ​គូ​ដណ្ដឹង រួច​ក៏​បែក​គ្នា​ទៅ​។ ខណៈ​ដែល​បាន​ជួប​បុរស​ក្រោយ​ដែល​ជា​សង្សារ​ខ្លួន​បច្ចុប្បន្ន​នេះ នាង​ក៏​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត ស្នេហា​របស់​នាង​ជាមួយ​គ្នា​ដណ្ដឹង ហើយ​ក៏​បាន​សួរ​បុរស​ជា​សង្សារ​ខ្លួន​នេះ​ថា ជីវិត​នាង​បែប​ហ្នឹង តើ​ទទួល​បាន​ឬទេ?

ចំណែកឯ​បុរស​ដែល​ជា​សង្សារ​ខ្លួន​នេះ មិន​មានការ​អាក់អន់ស្រពន់ចិត្ត​អី​ទេ ហើយ​បាន​ទទួល​នាង​ព្រម​រួមរស់​ស្មោះ​ស្ម​គ្រ័​គ្នា​ជា​គូសង្សារ​រហូត​ដល់​បច្ចុប្បន្ន​។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ដោយ​មាន​ជម្លោះ​គ្នា​ដោយសារ​បុរស​ដែល​ជា​សង្សារ​ចង់បាន​កូន តែ​នាង​ប្រាប់​ថា​នាង​បាន​ចង​កូន​ចេញ​កាលពី​លើក​មុន គ្រូពេទ្យ​ប្រាប់​ថា​នាង​មិន​អាច​មានកូន​ទៀត​បាន​ឡើយ ទើប​បង្ក​ជា​ជម្លោះ​វាយដំ​គ្នា​តិចតួច និង​បុរស​ដែល​ជា​សង្សារ​បាន​យក​បំពង់​ទឹក​ក្ដៅ​វាយ​ទៅ​លើ​ក្បាល​នាង​ផង​ដែរ​។ បន្ទាប់​មក​បុរស​ជា​សង្សារ​បាន​យក​ក្រមា​ចង់ដៃ​នាង​ទៅ​ក្រោយ និង​ចងជើង ហើយ​បុរស​នោះ​បាន​ចេញ​ទៅ​ក្រៅ​បាត់​ទៅ​។

ជាមួយ​គ្នា​នោះ​ដែរ អ្នក​រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​បានឃើញ​ទិដ្ឋភាព​បែប​នេះ​ទើប​នាំ​គ្នា​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចុះណុចកើតហេតុឃាត់ខ្លួនភ្លាមៗនាំខ្លួនយកទៅសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖