ភ្នំពេញ៖ កម្លាំងនគរបាលបានធ្វើការជួយរំដោះនារីម្នាក់រួចផុតពីគ្រោះថ្នាក់បន្ទាប់ពី មន្ត្រីពេទ្យទាហានម្នាក់ដែលមានឋានន្តរស័ក្ដិជាអនុសេនីយ៍ឯក (ស័ក្តិ៣) បានធ្វើទារុណកម្មអំពើហិង្សា យ៉ាងសាហាវបំផុត ព្រមទាំងចាក់សោបង្ខាំងនៅក្នុងបន្ទប់ជួល។ចំណែកទាហាននោះត្រូវបាននគរបាលចាប់ឃាត់ខ្លួននាំមកធ្វើការសាកសួ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ អឹក សំអាង អាយុ៣០ឆ្នាំ មុខបរជាមន្ត្រីពេទ្យទាហានពាក់ស័ក្តិ៣ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ ស.យ អាយុ២១ឆ្នាំ មុខរបរក្រុមហ៊ុនមួយ មានស្រុកកំណើត ស្រុកពញឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា រូបនាង និងបុរសដែលជាសង្សារមានទំនាក់ទំនងគ្នា ចាប់តាំងពីខែវិច្ឆិកា ២០១៧មក ហើយចាប់ផ្ដើមរស់នៅជាមួយគ្នាក្នុងអំឡុងខែមករា ២០១៨ មកទល់ឥឡូវ។ នារីរងគ្រោះបញ្ជាក់ថា រូបនាងធ្លាប់មានគូដណ្ដឹងម្ដងរួចមកហើយ ហើយបានជ្រុលជ្រួស មានកូនជាមួយគ្នា តែត្រូវយកចេញ។ ក្រោយមកក៏មានបញ្ហាជាមួយគូដណ្ដឹង រួចក៏បែកគ្នាទៅ។ ខណៈដែលបានជួបបុរសក្រោយដែលជាសង្សារខ្លួនបច្ចុប្បន្ននេះ នាងក៏បានរៀបរាប់ពីដំណើរជីវិត ស្នេហារបស់នាងជាមួយគ្នាដណ្ដឹង ហើយក៏បានសួរបុរសជាសង្សារខ្លួននេះថា ជីវិតនាងបែបហ្នឹង តើទទួលបានឬទេ?
ចំណែកឯបុរសដែលជាសង្សារខ្លួននេះ មិនមានការអាក់អន់ស្រពន់ចិត្តអីទេ ហើយបានទទួលនាងព្រមរួមរស់ស្មោះស្មគ្រ័គ្នាជាគូសង្សាររហូតដល់បច្ចុប្បន្ន។ លុះមកដល់ថ្ងៃកើតហេតុដោយមានជម្លោះគ្នាដោយសារបុរសដែលជាសង្សារចង់បានកូន តែនាងប្រាប់ថានាងបានចងកូនចេញកាលពីលើកមុន គ្រូពេទ្យប្រាប់ថានាងមិនអាចមានកូនទៀតបានឡើយ ទើបបង្កជាជម្លោះវាយដំគ្នាតិចតួច និងបុរសដែលជាសង្សារបានយកបំពង់ទឹកក្ដៅវាយទៅលើក្បាលនាងផងដែរ។ បន្ទាប់មកបុរសជាសង្សារបានយកក្រមាចង់ដៃនាងទៅក្រោយ និងចងជើង ហើយបុរសនោះបានចេញទៅក្រៅបាត់ទៅ។
ជាមួយគ្នានោះដែរ អ្នករស់នៅផ្ទះជួលជាមួយគ្នាបានឃើញទិដ្ឋភាពបែបនេះទើបនាំគ្នាជួយអន្តរាគមន៍ភ្លាមៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចុះណុចកើតហេតុឃាត់ខ្លួនភ្លាមៗនាំខ្លួនយកទៅសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ