ប្រព័ន្ធប្រកាសអាសន្នពីគ្រោះអគ្គិភ័យមិនដំណើរការ ប្រព័ន្ធភ្លើងប្រកាសអាសន្នក៏មិនភ្លើ ធ្វើឲ្យផ្សែងផុះចេញពីជាន់ក្រោមដីគ្របដណ្តប់អគារ បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និងរាប់សិននាក់រងរបួសដោយសារថប់ដង្ហើម។ គ្រោះអគ្គិភ័យខាងលើនេះ កើតឡើងនៅឃុនដូ Carina Plaza មួយកន្លែង នៅផ្លូវ Vo Van Kiet សង្កាត់ទី១៦ ខណ្ឌទី៨ នៃទីក្រុងហូជីមិញ។
កាលពីយប់ថ្ងៃទី២៣ ខែមីនា ពលរដ្ឋរាប់រយនាក់ដែលរស់នៅក្នុងឃុនដូ Carina Plaza នាំគ្នាភ័យស្លន់ស្លោរ ដោយសារតែគ្រោះអគ្គិភ័យ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រ ពេលពលរដ្ឋកំពុងតែដេកលង់លក់ស្គប់ស្គល់ ក៏មានសម្លេងស្រែកឡោឡានៅខាងក្រៅ នៅពេលបើកទ្វារ ផ្សែងខ្មៅបានគ្របដណ្តប់ពេញអគារ ហើយពួកគេខំព្យាយាមចាកចេញ ប៉ុន្តែមិនអាចរកឃើញច្រកចេញនោះឡើយ។ មនុស្សជាច្រើនបានព្យាយាមគេចខ្លួនដោយខ្លះចេញតាមបង្អួចលោតចុះទៅដីធ្វើឲ្យស្ថានភាពកាន់តែចលាចល។
លោក Trn Van Phuong អាយុ៥២ឆ្នាំ រស់នៅជាន់ទី៥ នៃអគារឃុនដូរខាងលើបានបញ្ជាក់ថា នៅពេលដែលលោកឃើញមានផ្សែងខ្មៅចេញពីជាន់ក្រោមដី លោកក៏បានរត់ទៅចុចកណ្តឹងប្រកាសអាសន្នដែរ តែមិនឮស៊ូសម្លេងរោទ៍ឡើយ ហើយគាត់ក៏បានដើរទៅគោះទ្វារស្រែកប្រកាសអាសន្នតាមបន្ទប់តែម្តង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ហើយនេះគឺជាស្លាប់ដ៏ច្រើន បន្ទាប់ពីគ្រោះអគ្គិភ័យនៅអគារពាណិជ្ជកម្ម ITC នៅទីក្រុងហូជីមិញ កាលពីឆ្នំា២០០២។ ប៉ុន្តែគ្រោះថ្នាក់ពេលនេះ គឺបានដឹងជាមុន ដោយពលរដ្ឋរស់នៅក្នុងអគារបានស្នើជាច្រើនលើក ពីប្រព័ន្ធប្រកាសអាសន្នសុវត្ថិភាព តែត្រូវបានមើលរំលង។
លោក Phan Anh Minh ស្នងការរងប៉ូលិសទីក្រុងហូជីមិញបានឲ្យដឹងថា កម្លាំងសន្តិសុខ និងក្រុមគ្រូពេទ្យជំនាញ បានទៅប្រមូលរបាយការណ៍ ដើម្បីបញ្ជាក់ឲ្យបានច្បាស់អំពីមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើង៕ ម៉ែវ សាធី