ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីសាន់ស៊េរីទំនើប សាកកម្លាំងជាមួយរថយន្តតូយូតា មានអីខ្ទេចមុខទាំង២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារអ្នកបើកបរពិសារគ្រឿងស្រវឹង បានធ្វើឲ្យរថយន្ត២គ្រឿងបានរងការខូចខាតផ្នែកមុខយ៉ាងដំណំ ខណៈដែលបុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ហើយរេចង្កូតពេញផ្លូវ ជ្រុលទៅបុករថយន្តនីសាន់ស៊េរីឆ្នាំ២០១៨មួយគ្រឿង ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខបុរីវីឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើកហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាហ៊ីរ៉ូ ពណ៌ស្លែ ជាប្រភេទរថយន្តពីរបាំង ពាក់ស្លាកលេខ ភ្នំពេញ2A-6699 ដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿននិងរេចង្កូតពេញផ្លូវ បង្កការភ្ញាក់ផ្អើល ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបានរេចង្កូតទៅខាងឆ្វេង ទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក នីសាន់ណាវើរ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5263 បើកបរដោយបុរសនិងរួមដំណើរជាមួយនារី២នាក់ទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតកំពឹតផ្នែកខាងឆ្វេងយ៉ាងដំណំ តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនអ្នកបើករថយន្តបង្កហេតុ និងពិនិត្យវាស់ជាតិអាល់កុលលើអ្នកបើកបររថយន្តបង្ក ជាលទ្ធផលឃើញថាមានផ្ទុកជាតិអាកុលចំនួន១.២២ក្នុងមួយលីត្រខ្យល់ ហើយសមត្ថកិចជំនាញក៏បានធ្វើការឃាត់ខ្លួនបុរសខាងលើភ្លាមៗបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែករថយន្តទាំង២ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕ ស តារា


ចែករំលែក៖