ខេត្តក្រចេះ ៖ កាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃ សៅរ៍ ៨ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ មានអគ្គិភ័យមួយ បានបង្ក មហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ផ្ទះឈើពលរដ្ឋចំនួន៣ខ្នងធំៗ នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ហើយមហន្តរាយនេះត្រូវបានអាជ្ញាធរប៉ាន់ប្រមាណថា មានការខាតបង់ប្រាក់ជាង១០ម៉ឺនដុល្លារ រួមនឹងទំនិញផ្សេងៗទៀតផង ។
លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលកិច្ចការងារអគ្គិភ័យ នគរបាលខេត្តក្រចេះ បានឲ្យដឹងថា គ្រោះអគ្គិភ័យដែលបង្កឡើងមិនដឹងមូលហេតុនេះ ធ្វើឲ្យលំនៅឋានធំៗ៣ខ្នងផ្ទះរបស់ជនរងគ្រោះចំនួន៣គ្រួសារផ្សេងគ្នា បានរងការខាតបង់ទាំងស្រុង តែមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ ។
លោកស្នងការរងបានបញ្ជាក់ថា នៅពេលនោះកម្លាំងនគរបាលបានប្រើប្រាស់រថយន្តចេញទៅ ធ្វើអន្តរាគមន៍ចំនួន៣គ្រឿងរបស់ស្នងការដ្ឋាន២គ្រឿង និងរថយន្តអធិការដ្ឋានស្រុកចិត្របុរី១គ្រឿង ប្រើប្រាស់ទឹកចំនួនជាង២០ឡាន ដើម្បីបាញ់ទឹកពន្លត់ទប់ស្កាត់មិនឲ្យមានការឆេះរាលដាល និងរលត់ទៅវិញចំណាយពេលរយៈពេលជាង៣ម៉ោង ។
អាជ្ញាធរនៅមិនទាន់បានកំណត់ថា គ្រោះអគ្គិភ័យដែលបង្កជាមហន្តរាយធ្ងន់ធ្ងរនេះបាន ផ្តើមចេញពីអ្វីឲ្យប្រកដនៅឡើយទេ តែបើតាមសាក្សីដែលឃើញហេតុការណ៍នេះ បាននិយាយថា គេបានឃើញអណ្តាតភ្លើងបានឆេះចេញពីផ្ទះឈើលក់គ្រឿងទេស និងបានឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅឡើងដោយសង្ស័យបណ្តាលមកពីទុស្សេអគ្គិសនី ៕ សហការី