ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបំផ្លាញផ្ទះឈើ៣ខ្នង សរុបជាលុយជាង១០ម៉ឺនដុល្លារនៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ សៅរ៍ ៨ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០១៨ មានអគ្គិភ័យ​មួយ បាន​បង្ក​ មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ផ្ទះឈើ​ពលរដ្ឋ​ចំនួន​៣​ខ្នង​ធំ​ៗ នៅ​ភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ហើយមហន្តរាយ​នេះ​​ត្រូវ​បាន​អាជ្ញាធរ​ប៉ាន់​ប្រមាណ​ថា មានការ​ខាតបង់​ប្រាក់ជាង​១០​ម៉ឺន​ដុល្លារ រួមនឹងទំនិញ​ផ្សេង​ៗ​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ត្រី ច្រឹង ផ​ល្លី ស្នងការ​រង​ទទួល​កិច្ច​ការងារ​អគ្គិភ័យ នគរបាលខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ឡើងមិនដឹងមូលហេតុនេះ ​ធ្វើ​ឲ្យ​លំនៅ​ឋាន​ធំ​ៗ៣​ខ្នង​ផ្ទះ​របស់​ជន​រង​គ្រោះ​ចំនួន​៣​គ្រួសារ​ផ្សេង​គ្នា បាន​រង​ការ​ខាតបង់​ទាំងស្រុង  តែ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា នៅពេលនោះកម្លាំងនគរបាល​បាន​ប្រើប្រាស់​រថយន្តចេញទៅ ធ្វើ​អន្តរាគមន៍​ចំនួន​៣​គ្រឿង​របស់​ស្នងការដ្ឋាន​២​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​ស្រុក​ចិត្រ​បុរី​១​គ្រឿង ប្រើប្រាស់​ទឹក​ចំនួន​ជាង​២០​ឡាន ដើម្បី​បាញ់ទឹក​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆេះ​រាលដាល និងរលត់ទៅវិញចំណាយពេលរយៈពេលជាង៣ម៉ោង  ។

អាជ្ញាធរ​នៅ​មិន​ទាន់​បាន​កំណត់​ថា គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​នេះ​បាន ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រក​ដ​នៅឡើយ​ទេ តែបើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​និយាយ​ថា គេ​បានឃើញ​អណ្តាតភ្លើង​បាន​ឆេះ​ចេញពីផ្ទះ​ឈើ​លក់​គ្រឿងទេស និង​បាន​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ឡើងដោយសង្ស័យបណ្តាលមកពីទុស្សេអគ្គិសនី ៕ សហការី

 


ចែករំលែក៖