ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូបែកក្អមសាកសួរបន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាច់សោកម៉ូតូគេមិនបានសម្រេច។ករណីនេះកើតឡើងកាលពីថ្ងៃអាទិត្យ​ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុច​មុខផ្ទះគ្មានលេខ ផ្លូវ៣៧១ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ អៀង សម្បតិ្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។ ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ អ៊ួ ចាន់ណាវី អាយុ៤៩ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។

ម្ចាស់ម៉ូតូឲ្យដឹងថា បានចតម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ 1AG6917 នៅមុខផ្ទះ មួយសន្ទុះ មានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាសេរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GX4112 ឈប់ហើយជនសង្ស័យម្នាក់ចុះកាច់សោកម៉ូតូលួច ប៉ុន្តែម៉ូតូគាត់ចាក់សោកាំកង់មុខ ទើបក្រុមចោរលួចមិនបាន ជនសង្ស័យក៏ស្ទុះរត់ឡើងជិះម៉ូតូបក្ខពួករបស់វាពេលនោះ គាត់មើលពីក្នុងផ្ទះតាមកញ្ចក់រត់ចេញមកស្រែកថា ចោរៗត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានម្នាក់នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។

ជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពប្រាកដមែន ។

ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខកសាងសំណុំរឿងទៅតុលាការ ៕ តុង សីហា


ចែករំលែក៖