ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនលាងបុប្ផាទុកចោលផ្លូវជិតមួយឆ្នាំមិនធ្វើក្រោយដេញថ្លៃបានគម្រោង៥ខ្សែនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល ៖ ផ្លូវលំ៥ខ្សែ ស្ថិតក្នុង ឃុំចំនួន៣នៃស្រុកស្អាងត្រូវបានក្រុមហ៊ុន លាងបុប្ផា ដេញថ្លៃបានក្នុងការស្ថាបនា ប៉ុន្តែគិតមកដល់ពេលនេះមានរយៈពេល ជិតមួយឆ្នាំហើយមិនឃើញក្រុមហ៊ុនស្ថាបនាឡើយធ្វើឲ្យប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជំរុញដល់ក្រុមហ៊ុនជួយស្ថាបនាឱ្យបានឆាប់។

ប្រជាពលរដ្ឋនិយាយថា ផ្លូវលំទាំង៥ ខ្សែនេះក្រុមហ៊ុនបានដេញថ្លៃតាំងពីខែ ឧសភា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្នជិតមួយឆ្នាំហើយគឺបានត្រឹមតែមកវាស់ វែងហើយទុកចោល។ ផ្លូវនេះក្នុងរដូវវស្សាកុំថាឡើយជិះកង់ម៉ូតូសូម្បីតែដើរក៏ពិបាកដែរស្របពេលដែលទឹកបឹងកំពុងឡើងផង ផ្លូវលំនៅក្នុងភូមិពួកគាត់ក៏ត្រូវលិចលង់ ថែមទៀត។ មូលហេតុនេះហើយទើបពួកគាត់ទទូចស្នើសុំដល់អាជ្ញាធរធ្វើយ៉ាងណាជំរុញពន្លឿនឲ្យក្រុមហ៊ុនស្ថាបនាផ្លូវទាំង៥ខ្សែនេះ ។

ទាក់ទងគម្រោងផ្លូវលំទាំង៥ខ្សែលោក ប៉ុល រស្មី ប្រធានការិយាល័យសម្របសម្រួលគាំទ្រឃុំបានប្រាប់តាមទូរស័ព្ទថា គម្រោង ទាំងនេះក្រុមហ៊ុនលាងសុប្ផាជាអ្នកដេញថ្លៃបាន ហើយការពន្យាពេលមកដល់បច្ចុប្បន្ន ដោយសារអត់មានអាចម៌ដីទើបក្រុមហ៊ុនសុំពន្យារពេល ណាមួយបច្ចុប្បន្នក្រុមហ៊ុន កំពុងអនុវត្តន៍គម្រោងផ្លូវលំមួយខ្សែនៅឃុំព្រែកអំបិល ។

លោកបានបន្តថា បន្ទាប់ពីបញ្ចប់គម្រោង នៅឃុំព្រែកអំបិលហើយក្រុមហ៊ុននឹងបន្តមកអនុវត្តនៅឃុំស្អាងភ្នំ ឃុំព្រែកគយ និង ឃុំត្រើយស្លា ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែមិនមានជំនឿទុកចិត្តលើក្រុមហ៊ុនលាង សុប្ផាដោយសារក្រុមហ៊ុននេះមានការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវដែលជាគម្រោង របស់ខ្លួនបានដេញថ្លៃបាន។ ជាងនេះទៅ ទៀតប្រជាពលរដ្ឋនៅចាំសង្កេតមើលថា តើក្រុមហ៊ុនអនុវត្តបានឆាប់រហ័ស ហើយត្រឹមត្រូវតាមស្តង់ដារនៅក្នុងកិច្ចសន្យា ឬ យ៉ាងណា? ៕ ហេង សូរិយា


ចែករំលែក៖