ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់​បងប្អូន​រឿង​ដីធ្លី​អូស​បន្លាយ​រាប់​ឆ្នាំ​រហូត​តុលាការ​កំពូល​សម្រេច​ស្ថាពរ​ឲ្យ​បង​ស្រី​ជាអ្នក​ឈ្នះ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​ទំនាស់​រឿង​ដីធ្លី​របស់​បងប្អូន​បាន​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ​ តែ​ទីបំផុត​តុលាការ​កំពូល​សម្រេច​ជា​ស្ថាពរ​ឲ្យ​ភាគី​បងស្រីជាអ្នក​​ឈ្នះ​ក្តី​ ។ នេះ​ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​ និង​ ប្រគល់​ដីធ្លី​ឲ្យ​ម្ចាស់​បំណុល​គ្រប់គ្រង​ ។

គណៈ​កម្មការ​ចម្រុះ​ ដឹកនាំ​ដោយ​លោក​យឹម​ កេតធី​ អាជ្ញា​សាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃទី​២៨​ ខែ​មីនា​ ឆ្នាំ​២០១៨​ ចុះ​អនុវត្ត​សាលដីកា​លេខ​២៤៧​ “ឆ”ចុះ​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៧​ របស់​តុលាការ​កំពូល​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះ​រះ​ក្រោម​ ឃុំ​កោះ​រះ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល​ ដែល​មាន​កូន​បំណុល​នៃ​ការ​អនុវត្ត​ឈ្មោះ​ ហង់​ រ៉េត​ (ស្លាប់​)​ ឈ្មោះ​ ខាត់​ ចំរើន​ និង​ ឈ្មោះ​ សឿរ​ សោភា​ ។

លោក​យឹម​ កេតធី​ អាជ្ញា​សាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ថ្លែង​ថា​ ខ្លឹមសារ​នៃ​ការ​អនុវត្ត​គឺ​ រុះ​ផ្ទះ​ និង​ រើ​សម្ភារៈ​ ផ្សេងៗ​ចេញ​ពី​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ​H4-0285 ចុះ​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩២​ ។

ការ​អនុវត្ត​នេះ​ទៀត​សោត​ គឺ​ ធ្វើ​ដោយ​ការ​ស្ម័គ្រ​ចិត្ត​របស់​កូន​បំណុល​ ដែល​ព្រម​រុះរើ​ដោយ​ខ្លួនឯង​ តាម​ការ​សន្យា​នា​ពេល​កន្លងមក​ ។

ជា​ការ​កត់សម្គាល់​ មុន​ពេល​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ ភាគី​ចាញ់​ក្តី​ហាក់​បង្ក​ការ​លំបាក​ដល់​គណៈកម្មការ​ចម្រុះ​ ។ ប៉ុន្ដែ​ក្រោយ​មាន​ការ​សម្របសម្រួល​នោះ​ សាលដីកា​នេះ​ ត្រូវ​បាន​អនុវត្ត​បញ្ចប់​ជា​ស្ថាពរ​ដោយ​ពុំ​មាន​អំពើ​ហិង្សា​ណាមួយ​ កើត​ឡើង​ឡើង​ ៕ ឆ ដា


ចែករំលែក៖