ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការនគរបាលជាតិជម្រុញឲ្យអធិការខណ្ឌទាំងអស់បន្តពង្រឹងច្បាប់ចរាចរណ៍ទៅលើអ្នកជិះបញ្រ្ចាស

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងតឹងរ៉ឹងយ៉ាងណាក្តីរហូតមកដល់បច្ចុប្បន្ននេះ គេនៅតែបានសង្កេតឃើញថាពលរដ្ឋខ្លះនៅតែមិនបានចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ផ្ជួននៅឡើយទេ។ ចំពោះពលរដ្ឋខ្លះទៀតដែលបានចូលរួមយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពច្បាប់ចរាចរណ៍ហើយនោះ ក៏បានរិះគន់យ៉ាងខ្លាំងផងដែរទៅលើអ្នកមិនគោរពច្បាប់ចរាចរណ៍ ហើយបានស្នើសុំដល់សមត្ថកិច្ចធ្វើយ៉ាងណាចាប់បង្ខំអ្នកមិនចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់។

លោកអឿន ជាអ្នករត់ម៉ូតូឌុបនៅផ្សារទួលទំពូងបានប្រាប់ឲ្យដឹងថា គាត់ឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាយើងមិនរួមគ្នាគោរពច្បាប់ទាំងអស់គ្នា បើឃើញស្លាកសញ្ញាចរាចរណ៍ហាមជិះបញ្រ្ចាសទៅហើយនោះ នៅតែនាំគ្នាជិះបញ្រ្ចាសទៀត។ កម្លាំងនគរបាលប៉ុសិ្តចុះធ្វើចរាចរណ៍រាល់ថ្ងៃ និងចាប់អ្នកជិះបញ្រ្ចាសណែនាំកុំឲ្យជិះបញ្រ្ចាស សំរាប់ពលរដ្ឋខ្លះនៅតែជិះបញ្រ្ចាសទៀត ដូចជានៅផ្លូវលេខ១៦៦ ទួលទំពូងនេះជាដើម។

សមត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា សមត្ថកិច្ចបានចុះណែនាំនៅផ្លូវ១៦៦នេះ ជាង៣ខែមកហើយ។ បច្ចុប្បន្ននៅតែមានអ្នកជិះបញ្រ្ចាសដដែល វាហាក់បីដូចជាមិនខ្លាចច្បាប់ទាល់តែសោះ។ ក្នុងទាំងរថយន្តផងដែរដែលជិះបញ្រ្ចាសផ្លូវ១៦៦នេះ។

ដោយឡែកនៅក្នុងឱកាសបិទសន្និបាតបូកសរុបសភាពការណ៍ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨មិនាកន្លងទៅនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានជម្រុញដល់កម្លាំងអធិការដ្ឋានធ្វើយ៉ាងណាបន្តពង្រឹងច្បាប់ចរាចរណ៍ឲ្យបានខ្លាំងក្លាថែមទៅលើអ្នកជិះបញ្រ្ចាសទិស មិនគោរពច្បាប់ចរាចរណ៍ អ្នកមិនពាក់មួកសុវតិ្ថភាព៕ តាឡឹម


ចែករំលែក៖