ខេត្តពោធិ៍សាត់៖ បុរសរងគ្រោះម្នាក់បានជិះម៉ូតូបុកគោយន្តកែឆ្នៃចំពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២និង២០នាទី ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខបង្គោលអង់តែន០៩៧ ស្ថិតក្នុងភូមិចំការជ្រៃត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានគោយន្តកែឆ្នៃមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត មួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉ីនន័រ គ្មានស្លាកលេខរបើកបោះពួយយ៉ាងលឿនក្នុងទិសដៅស្របគ្នាបានបុកគោយន្តពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់មួយរំពេច ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពេលកើតហេតុ បានចុះពិនិត្យកន្លែងកើតហេតុឃើញថា បុរសរងគ្រោះបើកបរក្នុងស្ថានភាពល្បឿនលឿនហួសការកំណត់ ។ ជនរងគ្រោះឈ្មោះ សឿន ពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណែកអ្នកបើកបរគោយន្តឈ្មោះ អ៊ុំ ពឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ សមត្ថកិច្ចបានបន្តថា វត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ រីឯអ្នកបើករងចាំចូលខ្លួនដោះស្រាយតាមការកោះហៅរបស់សមត្ថកិច្ច៕ ប៉ឹម ពិន