ភ្នំពេញ៖ បុរសជាជាងផ្សាដែកម្នាក់ ខណៈឡើងលើរន្ទាដែករួចរលំធ្លាក់ជង់ចម្រឹងដែកធ្នឹមឃ្លាំងចំឆ្អឹងជំនីធ្លាយពីម្ខាងទៅម្ខាងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសស្រាល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងការដ្ឋានមួយកន្លែងក្នុងក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងមានឈ្មោះ ផល ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាផ្សាដែក ស្នាក់នៅការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតនៅភូមិព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។ រីឯម្នាក់ទៀត រងរបួសស្រាល ឈ្មោះ សុខ ក្រឹត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងផ្សាដែកស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តកោះកុង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់បានឡើងលើរន្ទាដែកបំណងចាប់វីសជញ្ជាំងស័ង្កសីឃ្លាំង ដែលមានកម្ពស់ប្រមាណ៧ម៉ែត្រ ដែករន្ទាមានកម្ពស់ជិត១០ម៉ែត្រ ខណៈនោះបុរសដែលរងរបួសស្រាលបានឡើងដល់លើមុនរួចហើយ បុរសដែលបាត់បង់ជីវិតបានឡើងតាមក្រោយ ។ ពេលឡើងបានកម្ពស់ប្រម៉ាណ៧ម៉ែត្រ ក៏បាស់ជើងរន្ទារអិលរលំដួលធ្លាក់ចុះមកក្រោមចំដែកចម្រឹងថ្នាំងអំពៅទំហំ១០លី បុកឆ្អឹងជំនីខាងឆ្វេងធ្លាយមកម្ខាងទៀតក្រោមក្លៀកខាងស្តាំស្លាប់តែម្តង និងម្នាកទៀតរបួសស្រាលហើយភ្លាមៗនោះត្រូវបានអ្នកធ្វើការជាមួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។
ប្រភពបន្តថានៅពេលរថយន្តសាមុយមកដល់កន្លែងកើតហេតុជាអកុសលជនរងគ្រោះរបួសធ្ងន់ពេកបណ្តាលឲ្យដាច់ខ្យាល់ស្លាប់បាត់ទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ ។ បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយសារធ្លាក់ជង់ចម្រឹងដែកបណ្តាលឲ្យស្លាប់ប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត៕ អរុណរះ