ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង និង លោក គឹម វុត្ថា ប្រធានប្រជាពារការខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ, ផ្លូវលេខ៤៧-៩៣-១០៦-១០៨-១១៨-១៩ ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ បរិស្ថានស្អាតល្អ ដើម្បីសោភ័ណភាពក្នុងមូលដ្ឋាន ក៏ដូចជាក្នុងរាជធានីភ្នំពេញ ។
ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាល បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម ក្រោយក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមរួច, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច (សំរាមចេញខុសម៉ោង) ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសបានធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រផងដែរ ។
ដោយឡែករដ្ឋបាលសង្កាត់ និងទីរួមផ្សារ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ តាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររបស់ខ្លួន រួមមាន៖ សង្កាត់ផ្សារថ្មីទី៣ សង្កាត់ស្រះចក ទីរួមផ្សារកណ្តាល និង ទីរួមផ្សារចាស់ផងដែរ ។
រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តអនុវត្តតាមការណែនាំ និងបទបញ្ជា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ៕ស តារា