ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយពោធិ៍សែនជ័យសង្ក្រាន

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យរួមនិងពុទ្ធបរិស័តអាចារ្យ តាជី យាយជី បានចូលរួមក្នុងពិធីក្រុងពាលីដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសប្បាយក្នុងដំណើរការពោធិ៍សែនជ័យសង្ក្រាន ដែលនិងប្រព្រឹត្តទៅចំនួន៣ថ្ងៃនៅក្នុងបរិវេណវត្តជន្លុងម្លូរ ស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ពិធីក្រុងពាលីនេះ បានដំណើរការប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃសុក្រ១៤កើត ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ ដោយទទួលបានការអញ្ជើញចូលរួមក្នុងពិធីពីសំណាក់លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទិ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។

ខណ្ឌពោធិ៍សែនជ័យបានរៀបចំពិធីសង្ក្រានមុនគេបង្អស់ក្នុងចំណោមខណ្ឌទាំង១២ បានចំនួន៣លើកមកហើយ។ ក្នុងនោះលើកទី១ ពោធិ៍សែនជ័យសង្ក្រានធ្វើក្នុងវត្តបញ្ញោ ស្ថិតក្នុងសង្កាត់សំរោងក្រោម លើកទី២ ពោធិ៍សែនសង្ក្រានធ្វើតំបន់សេដ្ឋកិច្ចពិសេសកំបូល សង្កាត់កន្ទោក និងលើកទី៣ គណៈកម្មាធិការអាចារ្យវត្ត និងអាជ្ញាធរខណ្ឌក៏បានសម្រេចធ្វើនៅក្នុងបរិវេណវត្តជន្លង់ម្លូរនេះ ព្រោះថាវត្តជន្លុងម្លូរមានដើមឈើរធម្មជាតិធំៗ ត្រជាក់ត្រជុំដល់ពលរដ្ឋអ្នកចូលរួមបានល្អប្រសើរ។

ការបង្កើតឡើងនូវពោធិ៍សែនជ័យសង្ក្រាននេះឡើង បើតាមលោកតាអាចារ្យវត្តជន្លុងម្លូរបានប្រាប់ឲ្យដឹងថា ការធ្វើសង្ក្រាននេះឡើងក្នុងគោលបំណងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរតាំងពីបុរាណកាលមកកុំឲ្យបាត់បង់។ ព្រោះថាទំនៀមទម្លាប់សង្ក្រាននេះគឺគេធ្វើឡើងក្នុងឱកាសអបអរថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនិងខិតមកដល់នាពេលខាងមុខនេះ។ និងបានធ្វើឲ្យមន្ត្រីរាជការ និងពលរដ្ឋមានការរួបរួមគ្នាចេះធ្វើបុណ្យទាន ពិសេសបង្កើតឡើងនូវល្បែងប្រជាប្រិយ៍ មានរាំរបាំត្រុដ្ត ។ល។ ល្បែងជិះកង់ធ្លាក់ទឹកជាដើម។

ពិធីសង្ក្រានគឺគេតែងតែប្រារព្វធ្វើឡើងមុនពេលចូលឆ្នាំខ្មែរ ហើយសង្ក្រាននេះគឹនិយមធ្វើទៅតាមតំបន់ដូចជា៖ នៅខេត្តសៀមរាប ខេត្តព្រៃវែង និងស្វាយរៀងជាដើម។ ដោយឡែកលោក ហែម ដារិទិ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានផ្តួចផ្តើមបង្កើតឡើងនូវពោធិ៍សែនជ័យសង្ក្រាននេះគឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលប្រកាន់ទៅតាមគន្លងព្រះពុទ្ធសាសនា។

គួរបញ្ជាក់ឲយដឹងដែរថា ពោធិ៍សែនសង្ក្រាននិងប្រព្រឹត្តធ្វើឡើងចំនួន៣ថ្ងៃ គឺនៅថ្ងៃទី៣០/៣១ ខែមិនា និងថ្ងៃទី០១ ខែមសា ឆ្នាំ២០១៨។ ដោយឡែកនៅរសៀលម៉ោង១៤ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨នេះ ពិធីពោធិ៍សែនជ័យសង្ក្រាននឹងធ្វើពិធីបើកដំណើរក្រោមអធិបតីភាពអភិបាលរាជធានីភ្នំពេញ៕ តាឡឹម


ចែករំលែក៖