ភ្នំពេញ៖ ក្រោយពីបានបើកការស្រាវជ្រាវអស់មួយរយៈកន្លងមក កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី និងប្រភេទហ្គេមអនលាញ់ (Bakarat) ក្នុងទីតាំងតែមួយដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ៤នាក់ និងដកហូតទូហ្គេមបាញ់ត្រីចំនួន១គ្រឿង, កុំព្យូទ័រចំនួន៣គ្រឿង និងលុយមួយចំនួនទៀត។
ក្នុងរង្វង់កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី និងប្រភេទហ្គេមអនលាញ់ (Bakarat) ដែលបានលបលួចបើកលេងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ចំណុចទីតាំងតែមួយ ស្ថិតនៅផ្ទះលេខ១០១២ ផ្លូវលេខ៥ ក្រុមទី២ ភូមិមិត្តភាព សង្កាត់-ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ សឿន សាវិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (អ្នកដាក់ពុង) ទី២.ឈ្មោះសឿន សំអន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ទី៣.ឈ្មោះ កង មករា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូមែត្រ៦ ខណ្ឌឫស្សីកែវ និងទី៤.ឈ្មោះ កង ចាន់ដារា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ហ្គាស ស្នាក់នៅផ្ទះលេខ២៤៩ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតទូហ្គេមបាញ់ត្រីចំនួន១គ្រឿង, កុំព្យូទ័រចំនួន៣គ្រឿង, ប្រាក់ខ្មែរចំនួន៤៥,០០០រៀល, ប្រាក់ដុល្លារចំនួន៣៥ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចផ្នែកជំនាញនៃអធិការដ្ឋានបាន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមច្បាប់៕ អារុណរះ