ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចវាយខ្នោះបុរស២នាក់ ម្នាក់រត់ម៉ូតូឌុប ម្នាក់រត់ម៉ូតូរុឺម៉ក ឈ្លោះប្រកែកគ្នា រឿងដណ្តើមម៉ូយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានឃាត់ខ្លួនបុរស២នាក់ ម្នាក់ជាអ្នករត់ម៉ូតូឌុបនិងម្នាក់ទៀតជាអ្នករត់ម៉ូតូរុឺម៉ក ក្រោយវាយគ្នាទៅវិញទៅមកក្នុងជំលោះរឿងដណ្ដើមម៉ូយបង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវព្រះមុនីរ៉េត ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពីបុរសដែលជាអ្នករត់ម៉ូតូរុឺម៉ក ឈ្មោះ សេង សាម៉ាន អាយុ ៤០ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចថា គាត់ពិតបានវាយប្រតាយប្រតប់គ្នាទៅវិញទៅមកមែន និងយកដែកថ្នាំងអំពៅ វាយទៅលើបុរស អ្នករត់ម៉ូតូឌុប នោះមែនដោយសារមុនកើតហេតុ គាត់កំពុងតែតថ្លៃជាមួយស្ត្រី ជាភ្ញៀវដែលចង់ទៅម្ដុំ ស្តុបផ្សារដីហុយ ក្នុងតម្លៃ១៥.០០០រៀល ហើយបែរជាបុរស អ្នករត់ម៉ូតូមកតថ្លៃតែ៨.០០០រៀល រឿងអីមិនខឹងនោះ ។

ប្រភពបន្តទៀតថា ដោយសារខឹងខ្លាំងពេក រូបគាត់ក៏យកដែកថ្នាំងអំពៅ វ៉ៃចំកំភួនជើង បែរជាចំភ្លៅខាងឆ្វេងបុរសជាអ្នករត់ម៉ូតូឌុប ហើយភ្លាមនោះភាគីម្ខាងទៀង ក៏បានវាយគាត់ចំលើផ្ទៃមុខដែរ។ ក្រោយមកក៏បុរសរត់ម៉ូតូឌុបនោះ បានទូរស័ព្ទហៅបក្ខពួកមកជាច្រើន ទើបធ្វើឲ្យខ្លួនភ័យក៏រត់ចូលមន្ទីរពេទ្យហុង អិន ដើម្បីគេចខ្លួន ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានឃាត់ខ្លួនទាំងសងខាងយកមកសាកសួរនៅប៉ុស្តិ៍តែម្តង ។

ក្រោយមកដល់នគរបាលប៉ុស្តិ៍ សាកសួរនាំភាគីទាំងសងខាង ក៏លែងប្ដឹងផ្តល់គ្នា ព្រោះករណីហិង្សានេះ ភាគីទាំងសងខាងគឺវាយតទៅវិញទៅមក ហើយភាគីទាំងសងខាង សុំបញ្ចប់រឿង ដោយមិនប្ដឹងផ្ដល់ ទៅលើបុគ្គលណាទេ សុំចែកផ្លូវរៀងខ្លួន ដោយមិនចង់ទាមទារយកលុយកាក់ សំណងទេ គ្រាន់តែចង់ឲ្យសមត្ថកិច្ច ធ្វើកិច្ចសន្យារៀងខ្លួន ព្រោះខ្លាចមានគំនុំនៅថ្ងៃក្រោយ ។ បន្ទាប់ពីភាគីទាំង២ព្រមសម្របសម្រួលគ្នារួចហើយសមត្ថកិច្ចមូលដ្ឋាន មើលឃើញមិនមានរបួសស្នាម អ្វីធ្ងន់ធ្ងរនោះទេ ម្ខាងជ្រាំមុខ ម្ខាងបែកទូរស័ព្ទ គ្រាន់ឲ្យធ្វើកិច្ចសន្យា រួចឲ្យក្រុមគ្រួសារមកធានា ទើបឲ្យត្រលប់ទៅផ្ទះវិញ ៕ស តារា


ចែករំលែក៖