ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួន ខណៈកំពុងជិះម៉ូតូដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ រួចធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន១១កញ្ចប់ននៅនឹងខ្លួន កាលពីវេលាម៉ោង២២និង០៥នាទី ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំនុចវត្តពោធិអណ្តែត ស្ថិតនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ជិន សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១១កញ្ចប់ (តូចចំនួន៤កញ្ចប់និងធំចំនួន៧កញ្ចប់) ,ម៉ូតូចំនួន១គ្រឿង ,ប្រាក់រៀលចំនួន៥០៧០០រៀល និងទូរស័ព្ទដៃ១គ្រឿងផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ២២យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានចុះល្បាតក្នុងភូមិសាស្ត្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងនិងងាយរងគ្រោះផងនោះ លុះជិះមកដល់ចំនុចវត្តពោធិអណ្តែត ក៏បានជួបជនសង្ស័យខាងលើកំពុងជិះម៉ូតូ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ រួចសុំធ្វើការឆែកឆេរ ស្រាប់តែឃើញថ្នាំញៀនចំនួន១១កញ្ចប់នៅនឹងខ្លួនជនសង្ស័យ ឈានដល់ធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីជនម្នាក់ នៅម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ក្នុងតម្លៃ២០០ដុល្លារសហរដ្ឋអាមេរិច ដើម្បីយកទៅចែកចាយបន្ត ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះគឺជាមុខសញ្ញាជាប់ពន្ធនាគារពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីឆ្នាំ២០១៥ ៕ ស្អាងជ័យ