ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹក​នេះ​ តុលាការ​បន្ត​សួរ​ចម្លើយ​ជនសង្ស័យ​៥នាក់​ ករណី​ឃាតកម្ម​លើ​នារី​ ចេវ​ សុវឌ្ឍនា​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០១៨​ នេះ​ នឹង​បន្ត​សួរ​ចម្លើយ​លើ​ជនសង្ស័យ​៥នាក់​មាន​លោក​ឡាយ​ ណារិទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ម្នាក់​ ចំពោះ​អំពើ​​ឃាតកម្ម​លើ​នារី​ចេវ​ សុវឌ្ឍនា​ ។

មតិ​មហាជន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​លើ​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ ជា​អ្នក​សម្លាប់​នារី​រងគ្រោះ​ ព្រោះ​ជាប់​ជំពាក់​ចំណង​ស្នេហា​លួចលាក់​ តែ​លោក​ឡាយ​ វណ្ណៈ​ បដិសេធ​ការ​ចោទប្រកាន់​នេះ​ ។

ហ្វេសប៊ុក​ផេក​លោក​ ឡាយ​ វណ្ណៈ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១​ខែ​មីនា​ សរសេរ​ថា​”ជូនចំពោះជនរួមជាតិទូទាំងប្រទេស!ពិសេសប្រជាពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ​ ។ ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំនិងប្អូនស្រី ចេវ សុវឌ្ឍនាមានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ! ក្រោយមកខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វេីឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វេីអត្តឃាដខ្លួនឯង! នេះជារឿងពិត! អ្វីដែលខ្ញុំធ្វេីខុសឆ្គង ខ្ញុំហ៊ានទទួល! ខ្ញុំសុំទោសចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវទាំងមូល​ ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!។ ខ្ញុំនិងបងប្រុសខ្ញុំពុំមានចិត្តបាប សាហាវព្រៃផ្សៃសម្លាប់គាត់ទេ!
សូមបងប្អូនពិចារណាមេីលចុះថា បេីខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនាមែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហេិយក្រសួងមហាផ្ទៃបេីកការសេីបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបាត់ទៅហេីយ​ ! ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ!ខ្ញុំជឿជាក់លេីប្រព័ន្ធច្បាប់ និងតុលាការរបស់ប្រទេសយេីង ថានឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំ និងបងប្រុសខ្ញុំ និងមន្ត្រីដ៏ទៃទៀតដែលរងការចោទប្រកាន់!ស្អែកនេះ ខ្ញុំនៅខេត្តតាកែវដេីម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវពីខ្ញុំ ឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវយេីង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន!ពេលខ្ញុំនៅធ្វេីជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណីជូនប្រជាពលរដ្ឋរបស់ខ្ញុំ! ខ្ញុំក៏សង្ឃឹមជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ!សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថាខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ!ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ!”។

គួរ​បញ្ជាក់​ថា​ ពន្លឺ​យុត្តិធម៌​សម្រាប់​សពនារី​ស្រស់​ស្អាត​ ចេវ​ សុវឌ្ឍនា​ ជិត​ឃើញ​ហើយ​ នៅ​ពេល​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បញ្ជូន​ជនសង្ស័យ​៥នាក់​ មាន​នារី​ផង​នោះ​ មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​តាម​ច្បាប់​។

ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ លោក​ ឡាយ​ ណារិទ្ធ​ ជា​បងប្រុស​បង្កើត​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ ជនសង្ស័យ​៤នាក់​ទៀត​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​ ។

​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ដែល​ស្លាប់​ដោយ​រូបភាព​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នៅ​នឹង​បង្អួច​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា​ ឆ្នាំ​២០១៨ មិនមែនជា​ករណី​អត្តឃាត​នោះទេ គឺជា​ការ​អំពើ​ឃាតកម្ម​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​បង្ហើប​ឱ្យ​ដឹង​ថា​ នៅ​មាន​ជនសង្ស័យ​ជា​ច្រើន​ទៀត​ អាច​ពាក់ព័ន្ធ​ករណី​ដ៏​កក្រើក​នេះ​៕ ចេស្តា

 


ចែករំលែក៖