ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នេះ នឹងបន្តសួរចម្លើយលើជនសង្ស័យ៥នាក់មានលោកឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ម្នាក់ ចំពោះអំពើឃាតកម្មលើនារីចេវ សុវឌ្ឍនា ។
មតិមហាជនមួយចំនួនដាក់ការសង្ស័យលើលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ជាអ្នកសម្លាប់នារីរងគ្រោះ ព្រោះជាប់ជំពាក់ចំណងស្នេហាលួចលាក់ តែលោកឡាយ វណ្ណៈ បដិសេធការចោទប្រកាន់នេះ ។
ហ្វេសប៊ុកផេកលោក ឡាយ វណ្ណៈ កាលពីល្ងាចថ្ងៃទី៣១ខែមីនា សរសេរថា”ជូនចំពោះជនរួមជាតិទូទាំងប្រទេស!ពិសេសប្រជាពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំនិងប្អូនស្រី ចេវ សុវឌ្ឍនាមានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ! ក្រោយមកខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វេីឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វេីអត្តឃាដខ្លួនឯង! នេះជារឿងពិត! អ្វីដែលខ្ញុំធ្វេីខុសឆ្គង ខ្ញុំហ៊ានទទួល! ខ្ញុំសុំទោសចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវទាំងមូល ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!។ ខ្ញុំនិងបងប្រុសខ្ញុំពុំមានចិត្តបាប សាហាវព្រៃផ្សៃសម្លាប់គាត់ទេ!
សូមបងប្អូនពិចារណាមេីលចុះថា បេីខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនាមែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហេិយក្រសួងមហាផ្ទៃបេីកការសេីបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបាត់ទៅហេីយ ! ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ!ខ្ញុំជឿជាក់លេីប្រព័ន្ធច្បាប់ និងតុលាការរបស់ប្រទេសយេីង ថានឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំ និងបងប្រុសខ្ញុំ និងមន្ត្រីដ៏ទៃទៀតដែលរងការចោទប្រកាន់!ស្អែកនេះ ខ្ញុំនៅខេត្តតាកែវដេីម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវពីខ្ញុំ ឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវយេីង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន!ពេលខ្ញុំនៅធ្វេីជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណីជូនប្រជាពលរដ្ឋរបស់ខ្ញុំ! ខ្ញុំក៏សង្ឃឹមជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ!សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថាខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ!ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ!”។
គួរបញ្ជាក់ថា ពន្លឺយុត្តិធម៌សម្រាប់សពនារីស្រស់ស្អាត ចេវ សុវឌ្ឍនា ជិតឃើញហើយ នៅពេលសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនជនសង្ស័យ៥នាក់ មាននារីផងនោះ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់។
ស្នងការរងនគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ ជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង ជនសង្ស័យ៤នាក់ទៀត កំពុងស្ថិតក្រោមការសាកសួររបស់តុលាការ ។
សមត្ថកិច្ចបានបំបែកសំណុំរឿងស្ត្រីរូបស្រស់ឈ្មោះ ចេវ សុវឌ្ឍនា បម្រើការនៅរដ្ឋសភា ដែលស្លាប់ដោយរូបភាពធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងបង្អួចក្នុងភូមិគ្រឹះ នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មិនមែនជាករណីអត្តឃាតនោះទេ គឺជាការអំពើឃាតកម្ម។
ប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបឱ្យដឹងថា នៅមានជនសង្ស័យជាច្រើនទៀត អាចពាក់ព័ន្ធករណីដ៏កក្រើកនេះ៕ ចេស្តា