ភ្នំពេញ៖ រថយន្តស៊េរីទំនើបRange Roverមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ខណៈអ្នកបើកបរ បើករ៉េចង្កូតទៅបុកដើមឆត្រ័មួយដើមនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យឆ្លងចរន្តភ្លើងបង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យឆេះរថយន្តខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហ្គារ៉ាស រថយន្តយីហោ (ហ្គាលធិច ហ្គារ៉ាស) តាមបណ្តោយផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកRange Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2223 បើកបរដោយបុរសម្នាក់មានឈ្មោះ សុខ ខា អាយុប្រមាណជា៣០ឆ្នាំ ស្នាក់ក្នុងបូរីពិភពថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកដើមឆត្រ័ មួយដើមពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខ្ទាតថយក្រោយប្រមាណជាង២ម៉ែត្រ បង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ចំណែកម្ចាស់រថយន្តបានបើកទ្វារចេញគេចខ្លួនចេញពីកន្លែងកើតហេតុនិងមិនបង្កឲ្យមានរបួសនោះទេ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននាំគ្នាជួយធ្វើអន្តរាគមន៍ ដោយអ្នកខ្លះយកទុយោបាញ់ទឹកនិងយកទឹកសាប៊ូជះពន្លត់តែនៅមិនរលត់កាន់តែឆេះខ្លាំងឡើង ។ ហើយប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យស្នងការាជធានីភ្នំពេញចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ អស់ចំនួន៤គ្រឿង ដោយប្រើអស់រយ:ពេលជាងកន្លះម៉ោងទើបបានរលត់ទាំងស្រុងតែម្តង ។ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុងផងដែរ ។
ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលមកដោះស្រាយតាមនីតិវិធី ៕ស តារា