ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានឃាត់ខ្លួនជនជាតិឥស្លាមសញ្ជាតិវៀតណាម ក្មេង-ចាស់ន២៧នាក់បញ្ជូនទៅកាន់ការិយាល័យជំនាញនគរបាល នៃស្នងការខេត្តគ្រា ដែលពួកគេឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ។
ការឃាត់ខ្លួនជនជាតិឥស្លាមសញ្ជាតិវៀតណាមនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការឃាត់ខ្លួននេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យលោកស្នងការនគរបាលខេត្ត ស្រាវជ្រាវលើករណីនេះ ឲ្យបានល្អិតល្អន់បំផុត ដើម្បីបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ចាត់ការតាមនីតិវិធីបន្ត។
លោក ស្វាយ សំអ៊ាង បានថ្លែងថា បន្ទាប់ពីការិយាល័យជំនាញស្រាវជ្រាវបានរកឃើញថាពួកគេជាជនជនជាតិឥស្លាម សញ្ជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណវៀតណាមមកពីខេត្តអាងយ៉ាង ប្រទេសវៀតណាម ឆ្លងដែនចូលមកកម្ពុជាចូលទៅ ក្នុងស្រុកកោះធំ ខេត្តកណ្តាលគ្មានលិខិតឆ្លងដែនឆ្ពោះទៅកាន់រាជធានីភ្នំពេញ កំពង់ចាម ប្រើរយៈពេលជាង៣ខែ បន្តមកកាន់ខេត្តមណ្ឌលគិរីត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រុមអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់សរុប២៧នាក់ ស្រីន១១នាក់ ក្នុងនោះជំនាញបានរកឃើញមនុស្សន៣នាក់ខាងលើកាន់អត្តសញ្ញាណប័ណ្ណខ្មែររួមទាំងម៉ូតូន១៣គ្រឿង។
ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ថាមន្រ្តីសមត្ថកិច្ចជំនាញ និងបន្តស្រាវជ្រាវរកមេខ្លោងដែលសម្រួលដល់ក្រុមនេះឲ្យមកកាន់ទឹកដី នៃខេត្តមណ្ឌលគិរីនេះ។
នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃអាទិត្យ ១ រោច ខែចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ២៥៦១ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ មន្រ្តីនគរបាលខេត្តមណ្ឌលគិរីបានបញ្ជូនជនអន្តោប្រវេសន៍ តាមរយៈរថយន្តឈ្នួលពីខេត្តមណ្ឌលគិរីទៅនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការតាមនីតិវិធី៕ ជីវន្ត