ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ បើកភ្លើងបំភ្លឺផ្លូវសាធារណៈលើមហាវិថី សម្តេចតេជោហ៊ុន សែន ឬផ្លួវ៦០ម៉ែត្របង្កភាពងាយស្រួលចរាចរដល់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងឱកាសចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រគឺជាកំណាត់ផ្លូវថ្មីមួយខ្សែចាប់ពីផ្លូវលេខ ២៧១ ច្រមុះជ្រូកក្បាលថ្នល់ ដល់ផ្លូវជាតិលេខ២ ហើយដើម្បីឱ្យកំណាត់ផ្លូវនេះរិតតែមានសោភណ្ឌភាពកាត់បន្ថយបានការគ្រោះថ្នាក់ចរាចរ និងបទល្មើសផ្សេងៗទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់បង្គោលភ្លើងបំភ្លឺសាធារណៈដែលមានរហូតដល់ទៅជិត៥០០ បង្គោលស្របពេលដែលកំណាត់ផ្លូវថ្មីមួយនេះត្រូវបានប្រជាពលរដ្ឋធ្វើចរាចរយ៉ាងមមាញឹកដែរនោះ។

បង្គោលភ្លើងបំភ្លឺសាធារណៈខាងលើនេះត្រូវបានធ្វើពិធីចុចប៊ូតុងដាក់ឱ្យដំណើរប្រើបាស់ កាលពីរាត្រីថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី៤ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនING HolDING ។

ក្នុងឱកាសនោះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ តាមគម្រោង នឹងដាក់ឱ្យដំណើរការបំភ្លឺផ្លូវមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចំនួន ៤៦៧បង្គោល និងមហាវិថី មហាឧបាសក ហ៊ុន នាង ចំនួន ៣២បង្គោល សរុបទាំងអស់ចំនួន ៤៩៩បង្គោល ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវលើកំណាត់ផ្លូវខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើង ក្នុងគោល បំណងមួយចំណែកលើកសោភណ្ឌភាពរាជធានីភ្នំពេញ កាត់បន្ថយបានការគ្រោះថ្នាក់ចរាចរនៅភាគខាងត្បូងរាជធានីភ្នំពេនិងមួយចំណែកទៀត ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗផងដែរ។ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រូវបានសម្ពោធជាផ្លូវការ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាការបោះជំហានមួយដ៏ធំនៅក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងរាជធានីភ្នំពេញ។

បើផ្អែកតាមប្លង់គោលអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ឆ្នាំ២០៣៥ ការស្ថាបនាមហាវិថីនេះសំដៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ស្របពេលដែលរាជធានីភ្នំពេញបន្តពង្រីកខ្លួន និងអភិវឌ្ឍន៌។ ជាមួយគ្នានោះដែរតំណាងក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលជាក្រុមហ៊ុនទទួលការស្ថាបនា និងដាក់បង្គោលភ្លើងបំភ្លែផ្លូវនេះផងនោះបានឱ្យដឹងថា កំណាត់ផ្លូវសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រគឺជាកំណាត់ផ្លូវថ្មីមួយចាប់ពីផ្លូវលេខ ២៧១(ច្រមុះជ្រូកក្បាលថ្នល់) រហូតដល់ផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឺស មានប្រវែង៩១៦០ម៉ែត្រ ដោយត្រូវដាំបង្គោលភ្លើងសរុប សងខាងផ្លូវចំនួន៤៦៧ដើម ។

ចំពោះលទ្ធផលនៃការដាំបង្គោលភ្លើងនៅលើមហាវិថីនេះ គិតមកដល់ថ្ងៃទី០៤ មេសានេះសម្រេចដាំបង្គោលភ្លើងបានចំនួន១៦០ដើមនិងបានបំពាក់អំពូលភ្លើងដែលអាចបើកបំភ្លឺបាន។

ក្រុមហ៊ុននឹងបន្តដំណើរការដំឡើងបង្គោលភ្លើងនិងអំពូលភ្លើងឱ្យបានគ្រប់ចំនូន៤៦៧ដើមនៅលើកំណាត់ផ្លូវសម្តេចអគ្គមហាសេនាបតី ហ៊ុន សែននេះឱ្យបាន១០០ភាគរយនៅថ្ងៃ៣០ឧសភាខាងមុខនេះ ៕ ដោយ៖ សំរិត


ចែករំលែក៖