ភ្នំពេញ៖ ពលរដ្ឋទីទាល់ក្រចំនួន ១២៣ គ្រួសារមកពី០៤សង្កាត់ក្នុងខណ្ឌសែនសុខទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។ ពិធីចែកអំណោយនេះប្រព្រឹតទៅកាលពី ថ្ងៃ ពុធ ៤ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១៤និង៣០នាទីរសៀលនៅក្នុងបរិវេនវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
កម្មវិធីនេះក្រោមអធិបតីភាពលោកជំទាវ វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សវិជ្ជា រ័ត្ន សារឿន ព្រះចៅអធិការវត្តសំរោងអណ្តែត លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌសែនសុខនិងមានការអញ្ជើញជាកិត្តិយសពីសំណាក់ កញ្ញា បាបារ៉ា វិតនរាស៊ី បវរកញ្ញាឯកពិភពលោក២០១៧ជនជាតិប្រេស៊ីលនិងមន្ត្រីចូលរួមជាច្រើននាក់ទៀត។
នៅក្នុងឱកាសនោះ លោក សក់ ច័ន្ទកញ្ញារិទ្ធ បានលើកឡើងថាកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានផ្តល់អំណោយជូន ប្រជាពលរដ្ឋទីទាល់ក្រចំនួន១២៣គ្រួសារក្នុងសង្កាត់ចំនួន០៤ក្នុងខណ្ឌសែនសុខ។
លោកបន្តថាក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ សូមពាំនាំនូវការសាកសួរសុខ ទុក្ខគ្រួសារទីទាល់ក្រ ចាស់ជរា ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាក បាទក្រហមកម្ពុជាថ្វីត្បិតលោក មិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរដល់សុខនិងទុក្ខពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ហើយបេសកម្មរបស់កាកបាទ ក្រហមកម្ពុជា បានដើរតួជាសំខាន់សម្រាបជួយដល់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ ជាតិ សាសន៍ ពណ៌ សម្បុរនិងមិនបម្រើអោយនយោបាយមួយណាទេដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាថាទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំជួយជានិច្ច។
ជាមួយគ្នានេះដែរ គណៈកម្មាធិការ អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌបានឧបត្ថម្ភថវិកាដោយក្នុងមួយគ្រួសារទទួលបានចំនួន០៥ម៉ឺនរៀល អង្ករចំនួន៣០កីឡូ ឃីតមួយកញ្ចប់ ត្រីខកំប៉ុង១យួរនិងទឹកបរិសុទ្ធអេរ៉ូទិកមួយកេះ ៕ តុង សីហា