ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ពេលកំពុងរាំត្រូវជនសង្ស័យម្នាក់លបកាប់ចំក្បាលរងរបួសជាទំងន់ក្រោយកើតហេតុសាច់ញាតិបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។ ចំណែកជនសង្ស័យបានរត់គេខ្លួនទៅពួននៅលើផ្ទះរហូតដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួន។
នគរបាលស្រុកសំរោងទងបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅរសៀល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ គែគ ប៉ាវ ភេទប្រុស អាយុ ២៣ឆ្នាំជនរងគ្រោះឈ្មោះ ប៊ុន សុភាស់ ភេទប្រុស អាយុ ២៨ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុ។
ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកបានឲ្យដឹងថា កាលពីវេលាម៉ោង ២២ និង ៣០នាទី នាថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៨ នៅចំណុចរោងការ កូនរបស់ឈ្មោះ ផាត ណាត (ម្ចាស់ដើមការ)ពេលដែលជនរងគ្រោះកំពុងតែរាំ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពយកដាវទៅកាប់លើចំក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួសហូរឈាមជោកខ្លួន ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។
ប្រភពបន្តថាក្រោយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះរួចមកជនសង្ស័យបានរត់គេចខ្លួនទៅពួននៅលើផ្ទះរបស់ខ្លួនរហូតសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានយកមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដាវកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យបន្តថា មូលហេតុ ដែលរូបគេយកដាវទៅកាប់ជនរងគ្រោះ ដោយសារពីមុនជនរងគ្រោះ និងខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាហើយរូបគេធ្លាប់ត្រូវជនរងគ្រោះវាយ ទើបគេសងសឹងដោយរបៀបនេះតែម្តង។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ