ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់ អណ្តែតទឹកទន្លេមេគង្គនៅក្នុងស្ថានភាពសពមានពាក់ខោខ្លី អាវយឺតពណ៌ស មានពាក់កាតការងារជាប់នឹងខ្លួន ដោយមានចងជើងចងដៃ ហើយត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ។
ការប្រទះឃើញសាកសពស្រ្តីនេះ បានកើតឡើងនៅព្រឹក ថ្ងៃ សៅរ៍ ៧ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិពានតាឯក ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលស្រុកល្វាឯមបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលជំនាញទៅដល់ អូសសាកសពមកលើគោកដើម្បីពិនិត្យ ឃើញនៅក្នុងកាតការងារនោះបានបញ្ជាក់ថា សពនារីរងគ្រោះមានឈ្មោះ ហ៊ាន ផល្លា អាយុប្រមាណជាង២០ឆ្នាំ។ សពនេះត្រូវបានសមត្ថកិច្ចសង្ស័យថាជាករណីមនុស្សឃាត ព្រោះជនរងគ្រោះត្រូវគេចងដៃ ជើង រួចយកទៅទម្លាក់ទឹក ។
សមត្ថកិច្ចបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ណាដែលបាត់សមាជិកដែល មានភិនភាគនិងឈ្មោះដូចខាងលើ សូមទំនាក់ទំនងមកសមត្ថកិច្ចនគរបាល ស្រុកល្វាឯម ភ្លាមៗ ព្រោះសមត្ថកិច្ចមិនទាន់ យកទៅបូចានៅឡើយទេ ៕ ស្អាងជ័យ