ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គល់ បញ្ញា និងអង្គការខុមហ្វ្រែលបាននិងកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា

ចែករំលែក៖

នៅពេលកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ក្រុមអ្នកនយោបាយប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារ លើការបោះឆ្នោត បាននិងកំពុងរៀបចំផែនការ ដើម្បីបំផ្លាញការបោះឆ្នោតនេះ ដោយសារតែពួកគេរួមជាមួយ ចៅហ្វាយនាយបរទេស បានបរាជ័យក្នុងការស្រោចស្រង់គណបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងប្រោស អ្នកនយោបាយ ១១៨ នាក់ ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញបាន។ ដោយសារគណបក្សដែលចៅហ្វាយនាយខ្លួនជាអ្នកបង្កើតមិនអាចចូលរួមបាន ក្រុមនេះមានវិធីតែម្យ៉ាងគត់ គឺបំផ្លាញការបោះឆ្នោត និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយមិនស្តាយស្រណោះ ព្រោះក្រុម ខ្លួនមិនទទួលបានផលប្រយោជន៍ ដូច្នេះត្រូវធ្វើអ្វីៗដើម្បីបង្ខូច បំភ្លៃ និងបំផ្លាញការបោះឆ្នោត។

ទង្វើទុច្ចរិតនេះត្រូវបានបង្ហាញតាមរយៈការអំពាវនាវរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតសេរីនិងយុត្តិធម៌នៅកម្ពុជា (អង្គការខុមហ្វ្រែល) កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ តាមរយៈវិទ្យុអាស៊ីសេរីថា អ្នកសង្កេតការណ៍អន្តរជាតិគប្បីពិចារណាឱ្យបានហ្មត់ចត់មុននឹងសម្រេច ចិត្តចូលរួមសង្កេតការណ៍បោះឆ្នោតនៅខែកក្កដាខាងមុខ ហើយលោកបានបន្ថែមថា អង្គការខុមហ្វ្រែលមាន ការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការសម្រេចចិត្តថាចូលរួម ឬមិនចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។

ការប្រកាស បែបនេះ គឺមានគោលបំណង ដើម្បីបង្កឱ្យមានបរិយាកាសអាប់អួរ និងបង្កើតឱ្យមានភាពមន្ទិលសង្ស័យលើ សុចរិតភាពនៃការបោះឆ្នោតដូចអ្វីដែលលោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល ធ្លាប់បានធ្វើកន្លងមកក្នុង ពេលបោះឆ្នោតមុនៗ ជាពិសេសការបោះឆ្នោតសកលឆ្នាំ២០១៣ តាមរយៈការឃុបឃិតជាមួយអង្គការបរទេស មួយចំនួនទៀតនៅក្នុងការបំភ្លៃការពិតថា ទឹកខ្មៅជ្រលក់ដៃលុបជ្រះ និងបានប្រឌិតទិន្នន័យថា អ្នកបោះឆ្នោត ជាង១,២៥លាននាក់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីបំពុលនិងបង្ខូចបរិយាកាសបោះឆ្នោត និងបដិសេធ លទ្ធផលនៃការបោះឆ្នោត។ ទង្វើរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែលរួមជាមួយអង្គការសង្គមស៊ីវិល បរទេសដទៃទៀត បានបង្កើតរឿងប្រឌិតទាំងនេះឡើង ដើម្បីផលប្រយោជន៍គណបក្សប្រឆាំងយកធ្វើជាលេស ក្នុងការតវ៉ា បម្រើឱ្យគោលដៅនៃការផ្លាស់ប្តូររបប និងមេដឹកនាំតាមបែបមិនប្រជាធិបតេយ្យ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាខែកក្កដា ឆ្នាំ២០១៨ តើលោក គល់ បញ្ញា និងអង្គការសង្គមស៊ីវិលបរទេស ព្រមទាំងក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ នឹងត្រៀមធ្វើអ្វីខ្លះដើម្បីបង្ខូច និងបំផ្លាញការបោះឆ្នោតនៅកម្ពុជា?

១-តាមប្រភពពីអង្គការ ANFREL (បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ) បានឱ្យដឹងថា ដោយសារតែបន្ទប់ស្ថានការណ៍បោះឆ្នោតដែលបានបង្កើតឡើងដោយខុសច្បាប់ក្នុងអំឡុងពេលនៃ ការបោះឆ្នោតនៅឆ្នាំ២០១៣ និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ នឹងមិនមានវត្តមាននៅកម្ពុជា ទៀត ដូច្នេះបន្ទប់ស្ថានការណ៍បោះឆ្នោតនេះ នឹងត្រូវផ្លាស់ប្តូរទៅបាងកក។ ដោយសារបានដើរតួនាទីសំខាន់ ក្នុងកិច្ចការបោះឆ្នោត ក៏ដូចជាទទួលបានជោគជ័យក្នុងការអុកឡុកដំណើរការនៃការបោះឆ្នោតនោះ លោក គល់ បញ្ញា ត្រូវបានតែងតាំងជាប្រធានថ្មីនៃអង្គការ ANFREL ដែលមានស្នាក់ការនៅបាងកក។ អង្គការនេះ ក៏បានសម្រេចផ្តល់ការិយាល័យមួយឱ្យអង្គការសង្គមស៊ីវិលកម្ពុជា ជាទីស្នាក់ការផងដែរ។ រហូតមកទល់ពេល នេះ គេមិនទាន់ដឹងថាតើនឹងមានអង្គការមិនមែនរដ្ឋាភិបាលណាខ្លះពីកម្ពុជាទៅចូលរួមបង្កើតបន្ទប់ស្ថានការណ៍ នោះនៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់ គឺអង្គការខុមហ្វ្រែលរបស់លោក គល់ បញ្ញា នឹងចូលរួមនិងទាក់ទងជាមួយ បណ្តាញរបស់ខ្លួននៅកម្ពុជា ដើម្បីធ្វើសកម្មភាពបំផ្លាញការបោះឆ្នោតនាពេលខាងមុខ បំពងសម្លេងបង្ខូចកេរ្តិ៍ ឈ្មោះកម្ពុជា និងអំពាវនាវមិនឱ្យអន្តរជាតិទទួលស្គាល់ការបោះឆ្នោតជាដើម ដោយយកមូលហេតុថាគ្មាន វត្តមានក្រុមអ្នកនយោបាយក្បត់ជាតិនៃអតីតបក្សប្រឆាំង។

២- លោក គល់ បញ្ញា ត្រូវបានដំឡើងធ្វើជាប្រធានអង្គការ ANFREL ចំណែកឯប្រធានអង្គការនេះត្រូវបានប្រភពព័ត៌មានអះអាងថា ត្រូវបានបំបែកឱ្យទៅធ្វើការនៅអង្គការ AND (Asia Democracy Network) ដែលអង្គការនេះពាក់ព័ន្ធគ្នាក្នុងការរៀបចំផែនការនានា ដើម្បីឈានទៅដល់ជ័យជម្នះនៃការអនុវត្តផែនការ បំផ្លាញការបោះឆ្នោត។ ម្យ៉ាងទៀត មិនមែនត្រឹមតែលោក គល់ បញ្ញា តែម្នាក់ប៉ុណ្ណោះទេដែលធ្វើសកម្មភាពនេះ គឺលោក គួយ ប៊ុនរឿន អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានប្រភពព័ត៌មានទម្លាយឱ្យដឹងថា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក គល់ បញ្ញា និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីរៀបចំផែនការសម្រាប់អុកឡុកដំណើរការបោះឆ្នោតនាពេលខាងមុខ ក្រោមខ្សែញាក់របស់ចៅហ្វាយ បរទេសរបស់ខ្លួន ក្រុមអ្នកនយោបាយក្រៅច្បាប់ និងក្រុមក្បត់ជាតិមួយចំនួននៅឯក្រៅប្រទេស ដែលកំពុងដើរ បំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជន។

៣- ក្រោមការដឹកនាំរបស់លោក គល់ បញ្ញា អង្គការ ANFREL នឹងរៀបចំកិច្ចប្រជុំមួយនៅបាងកក នៅក្នុងអំឡុងខែមេសានេះ ដោយនឹងអញ្ជើញអង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធនានាចូលរួម ដើម្បីរៀបចំ ផែនការទុច្ចរិតនិងរកល្បិចកលមួយចំនួនក្នុងការបំផ្លាញការបោះឆ្នោត និងបង្កាច់បង្ខូចមុខមាត់កម្ពុជា។ តាមប្រភពពីមន្ត្រីអង្គការ ANFREL កិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅក្រោមពាក្យស្លោក «ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត»។ ប្រភពពីមន្ត្រីអង្គការ ANFREL ដដែលបានឱ្យដឹងថា ក្រៅពីរបៀបវារៈដែលពួកគេគ្រោង នឹងប្រជុំនិងធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីជាឡប់ឡែបិទបាំងនូវផែនការទុច្ចរិតរបស់ខ្លួន អង្គការនេះ ក៏នឹងមានការប្រជុំបិទទ្វារ ជាក្រុមសកម្មតូចៗដាច់ដោយឡែកពីគ្នា ដើម្បីស្តាប់របាយការណ៍នៃលទ្ធផលឃ្លាំ មើលនយោបាយនៅកម្ពុជាក្រោយពីតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងធ្វើផែនការ បន្តឃ្លាំមើលចលនាប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុង និងក្រៅប្រទេស។ ប្រភពដដែលបានលើកឡើងថា ក្រុមសង្គមស៊ីវិលទាំងនេះ នឹងគ្រោងរៀបចំចលនាប្រឆាំងឱ្យបានច្រើននិងធំ ដើម្បីជាការបន្ថែមទម្ងន់ដាក់ សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបនឹងការទាមទាររបស់ក្រុមប្រឆាំងឱ្យលុបចោលសាលដីកា របស់តុលាការកំពូល អនុញ្ញាតឱ្យខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងលុបចោលការហាមឃាត់អតីត សមាជិកខ្មោចគណបក្សសង្គ្រោះជាតិទាំង ១១៨ នាក់ឱ្យចូលរួមការបោះឆ្នោតវិញ។

៤- ទន្ទឹមនឹងការកៀរគរសម្ពាធពីក្រៅប្រទេស អង្គការ ANFREL ដែលដឹកនាំដោយលោក គល់ បញ្ញា ក៏នឹងប្រើប្រាស់ការរិះគន់នានា ដើម្បីស្នើកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន ដោយពួកគេលើកឡើងថា មិនមែនជាស្ថាប័នដែលគួរឱ្យទុកចិត្តព្រោះគ្មានតំណាងក្រុមប្រឆាំងជាដើម។ ក្រុម សង្គមស៊ីវិលទាំងនេះ នឹងវាយតម្លៃ ដើម្បីទម្លាក់តម្លៃ និងប្រសិទ្ធភាពការងាររបស់ គ.ជ.ប ដែលពួកគេធ្លាប់ បានធ្វើនាពេលកន្លងទៅ ដោយបានបំភ្លៃ បផ្លើស បំប៉ោង និងបំភាន់ទិន្នន័យ ក៏ដូចជាប្រឌិតព័ត៌មានអកុសល ផ្សេងៗជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។ ពួកគេធ្វើឫកដូចជាខ្វាយខ្វល់ និងយកចិត្តទុកដាក់លើភាពត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត និងភាពជឿទុកចិត្តបាននៃការបោះឆ្នោតនៅកម្ពុជាណាស់ ប៉ុន្តែធាតុពិត គឺជាការ អនុវត្តផែនការផ្តល់ឱកាស ដល់ក្រុមគណបក្សប្រឆាំងយកលេស ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផល បោះឆ្នោត ឡាំប៉ាមិនទទួលស្គាល់ការចាញ់ការបោះឆ្នោត និងផ្តល់ឱកាសឱ្យក្រុមប្រឆាំងប្រើប្រាស់ការតវ៉ាលទ្ធផល បោះឆ្នោតទៅជាបាតុកម្មបង្កចលាចល និងឈានដល់ការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៃរដ្ឋាភិបាល ស្របច្បាប់ តាមរូបភាពបដិវត្តន៍ពណ៌ និងប៉ុនប៉ងឡើងកាន់អំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ។

៥- តាមប្រភពពីមន្ត្រីអង្គការ ANFREL នៅក្នុងការអនុវត្តផែនការទាំងនេះ អង្គការមានថវិកាគ្រប់គ្រាន់ ហើយបាននិងកំពុងរៀបចំការងារទាំងនេះ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថា តើថវិកាដែលគ្រោងនឹង ចំណាយសម្រាប់ផែនការបំផ្លាញ និងបង្ខូចការបោះឆ្នោតនៅកម្ពុជានេះ មានការគាំទ្រពីប្រភពណាមួយពិត ប្រាកដនៅឡើយទេ។ គោលដៅសំខាន់ដែលពួកគេខិតខំប្រឹងប្រែងពីពេលនេះ គឺដើម្បីយកការវាយតម្លៃថា បរិយាកាសសង្គមនិងនយោបាយនៅកម្ពុជាមិនល្អ គឺត្រូវពន្យារពេលនៃការបោះឆ្នោតសិន។ ការពន្យារពេល ដែលគេមើលឃើញថា ដើម្បីស្វះស្វែងរកការប្រោសឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងរង់ចាំការចូលរួមរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោត។ ហេតុដូច្នេះហើយបានជាទាំងក្រុមអ្នកនយោបាយប្រឆាំង ក្រៅច្បាប់ និងសង្គមស៊ីវិល បានខិតខំនិយាយថា កម្ពុជាមានវិបត្តិនយោបាយធ្ងន់ធ្ងរ និងស្ថានភាពនយោបាយ កាន់តែអាក្រក់ទៅៗ ព្រមទាំងបានព្រមានថាកម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរ ពេលអន្តរជាតិផ្តាច់ជំនួយឈប់ទិញ ផលិតផលពីកម្ពុជាជាដើម។

តាមរយៈតួនាទីបន្ថែមថ្មីមួយទៀតរបស់លោក គល់ បញ្ញា ក្នុងនាមជាប្រធានអង្គការ ANFREL គឺបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល នាពេលកន្លងទៅមិន បានបម្រើផលប្រយោជន៍ដល់កម្ពុជានោះឡើយ ប៉ុន្តែគឺជាការធ្វើតាមខ្សែញាក់របស់បរទេសមួយចំនួនដែលមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរ បានសុខ និងចង់ចាប់បង្ខំឱ្យកម្ពុជាទទួលយកនូវលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ មួយ ដែលសូម្បីតែប្រទេសខ្លួនក៏មិនអនុវត្តបានផង។ នេះក៏បង្ហាញយ៉ាងច្បាស់ថា បស្ចិមប្រទេសមួយចំនួន ដែលធ្លាប់បានលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា មិនទាន់បញ្ចប់នូវផែនការដ៏អាក្រក់ក្នុងការផ្លាស់ប្តូរ របបដឹកនាំ និងមេដឹកនាំដែលខ្លួនមិនពេញចិត្ត ឬមិនមាននិន្នាការគាំទ្រខ្លួននៅឡើយទេ។ លោក គល់ បញ្ញា ដឹកនាំអង្គការ ANFREL គឺជាបន្ទប់ស្ថានការណ៍សង្គ្រាមថ្មីមួយ។

ការគាំទ្រផ្នែកនយោបាយ និងថវិកាបង្កើត បន្ទប់ស្ថានការណ៍បោះឆ្នោតនៅក្រៅប្រទេស គឺជាការបន្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា ហើយជនជាតិ កម្ពុជា ដូចជា លោក គល់ បញ្ញា និងអង្គការរបស់ខ្លួនបាននិងកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញជាតិខ្លួនឯង យ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ។

យុទ្ធសាស្ត្រថ្មីរបស់ពួកគេគឺ ប្រើប្រាស់អង្គការសង្គមស៊ីវិល មួយចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការ បោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨៕ ពល ពានរិន្ទ

 


ចែករំលែក៖