ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តបែកកង់រ៉េចង្កូតបុកម៉ូតូ២គ្រឿងផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលគោយន្តច្នៃបែកកង់ខាងឆ្វេងរេចង្កូតទៅបុកនឹងម៉ូតូបញ្ច្រាសទិសគ្នាពេញទំហឹង ដោយមិនទាន់អស់ល្បឿន គោយន្តបន្តទៅបុកម៉ូតូមួយផ្សេងទៀត បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១រសៀល ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិព្រះអង្គកែវ ឃុំសង្កែ ស្រុករំដួល ។

តាមសមត្ថកិច្ចនគរបាលបានឲ្យកាសែតនគរវត្តដឹងថា អ្នកបើកគោយន្តបង្កហេតុ មានឈ្មោះប៉ែន ភឿន អាយុ៣១ឆ្នាំ នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ។ ចំណែកអ្នករងគ្រោះមានឈ្មោះ ព្រាប សួងប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិកររស់នៅភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខណៈជិះម៉ូតូម៉ាកហុងដា C១២៥ ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១BY២៦៤២ ខូចខាតយ៉ាងដំណំ ។

ចំណែកម៉ូតូទី២ ដែលត្រូវគោយន្តជ្រុលចង្កូតម្ខាងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅអត់ពាក់ស្លាកលេខ មានម្ចាស់ឈ្មោះ គង់ សុខ អាយុ៤៥ឆ្នាំ មុខរបរកសិករ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានគោយន្តច្នៃមួយគ្រឿងធ្វើដំណើរពីត្បូងទៅជើង មកដល់កន្លែងកើតហេតុស្រាប់តែគោយន្តបែកកង់ឆ្វេងខាងមុខរួច ក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ឆ្នាំ២០១៣ ដែលជិះម៉ូតូបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសបាក់ជើងខាងឆ្វេង មិនតែប៉ុណ្ណោះ ដោយគោយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបណ្ដាលឲ្យរងរបួសបុរសម្នាក់ផងដែរ ។

ក្រោយមក សមត្ថកិច្ចបានមកដល់ និងយកអ្នករបួសធ្ងន់មកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែង ព្រមទាំងយកគោយន្ត និងម៉ូតូ២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖