ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាធ្វើឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្សប្រុស ស្រី៣នាក់រងរបួសធ្ងន់ ស្រាលត្រូវរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយម៉ូតូ២គ្រឿងបុកគ្នានៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥និង២៥ល្ងាច លើកំណាត់ផ្លូវបេតុង ត្រង់ចំណុចផ្លូវបំបែកជាបួនមុខកាស៊ីណូ ក្រោន(ហ្គ្រែនទីញ)ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចជំនាញប្រាប់ថា មុនកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-4893 ជិះគ្នាពីរនាក់ បើកបរពីត្បូងទៅជើង លុះដល់ផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ក្រហម ផលិតឆ្នាំ២០១២ ពុំមានស្លាកលេខ បើកបរពីលិចទៅកើត បានបុកម៉ូតូខាងលើគ្រោះថ្នាក់តែម្តង ។

សមត្ថកិច្ចបន្តថា ករណីខាងលើនេះ បណ្តាលឲ្យមនុស្សប្រុស ស្រី៣នាក់រងរបួសធ្ងន់ស្រាល:០១-ឈ្មោះ សឹង ទ្រី ភេទ ប្រុស អាយុ៣៣ ឆ្នាំមុខរបរ រត់ម៉ូតូឌុប រស់នៅក្នុងភូមិបាលិលេយ្យ១ (រងរបួសធ្ងន់)ជាអ្នកបើកបរម៉ូតូវសង់សេ១២៥ និងអ្នករួមដំណើរឈ្មោះ រឿន សុគន្ធថាវរី ភេទ ស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន២(រងរបួសធ្ងន់)អ្នកទាំង២ ត្រូវសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តដឹកទៅពេទ្យបង្អែកដីថ្មីដើម្បីសង្គ្រោះ ។ ចំពោះអ្នកបើកបរម៉ូតូស្កូបពី (ក្តាប់ឈ្មោះពុំបាន)រងរបួសស្រាលហើយឡើងម៉ូតូទៅពេទ្យខ្លួនឯង ។

ម៉ូតូទាំងពីរ ខូចខាតស្រាល ក្រោយពីកម្លាំជំនាញចរាចរណ៍ក្រុងវាស់វែងរួចរាល់ ម៉ូតូទាំ២គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយបន្តរតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖