ភ្នំពេញ៖ នៅថ្ងៃចន្ទ ៩រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥និង១៥នាទីទៀបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ ( គាស់ទ្វារឃ្លាំងចាក់សោរទុកចោលយកទ្វារដែកចំនួន១ និងបង្អួចកញ្ចក់ស៊ុំអាលុយមីញ៉ូមចំនួន១៩ ) ប្រព្រឹត្តនៅចំណុចឃ្លាំងចាក់សោរទុកចោល ដីឡូត៍លេខ១៤ ផ្លូវលេខ២៨១ ក្រុមទី៥៣ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ ទី១-ឈ្មោះ ស្រៀង គឹមស៊ាន់ ហៅ តឿ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ជឿន ស៊ីនុន ហៅ ប័រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ជាម្ចាស់ឃ្លាំងកើតហេតុដែលមានដីឡូត៍លេខ១៤ ផ្លូវលេខ២៨១ ក្រុមទី៤៣ ភូម១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ពុំបាន ដាក់ពាក្យបណ្ដឹង ) ។ វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ -កូនពិលតូចពណ៌សចំនួន១ (ចាប់យកពីឈ្មោះ ស្រៀង គឹមស៊ាន់ ហៅ តឿ ) -រទេះអូសអេតចាយចំនួន១ ក្នុងនោះមាន ទ្វារដែកចំនួន១ និងបង្អួចកញ្ចក់ស៊ុំអាលុយមីញ៉ូម ចំនួន១៩ (ចាប់យកពីឈ្មោះ ជឿន ស៊ីនុន ហៅ ប៊រ ) ។
យោងតាមការបំភ្លឺអះអាងរបស់ឈ្មោះ ភី ផ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បានអះអាងថា៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៥និង០០នាទីទាបភ្លឺ រូបខ្លួនបានក្រោកពីដំណេកហើយរៀបចំខ្លួនដើម្បីទៅរត់ម៉ូតូឌុប ដូចសព្វដង ពេលរៀបចំហើយខ្លួន ក៏បានទៅបើកទ្វាររបងដីឡូត៍ដែលខ្លួនស្នាក់នៅ (យាមដីឲ្យគេ ) ពេលនោះខ្លួនក៏ឃើញជនសង្ស័យ២នាក់ពុំដែលស្គាល់ (ជនសង្ស័យឈ្មោះ ស្រៀងគឹមស៊ាន់ ហៅ តឿ និងឈ្មោះ ជឿន ស៊ីនុន ហៅ ប៊រ ) កំពុងធ្វើសកម្មភាពលើកទ្វារនិងបង្អួចកញ្ចក់ដាក់លើរទេះអេតចាយ នៅមុខដីឡូត៍គ្មានលេខ ផ្លូវ លេខ៦០៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅក្បែរដីឡូត៍ដែលខ្លួនស្នាក់នៅ ដោយពុំដឹងថាពួកគេលួចយកពីកន្លែងណាឡើយ ឃើញដូច្នេះរូបខ្លួនក៏ទូរស័ព្ទរាយការណ៌ប្រាប់នគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ឲ្យជួយអន្តរាគមន៍ ភ្លាមនោះកម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ក៏បានចុះមករួចឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រៀងគឹមស៊ាន់ ហៅ តឿ និងឈ្មោះ ជឿន ស៊ីនុន ហៅ ប៊រ រួមនិងវត្ថុតាង យកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
ដោយឡែកផ្អែកតាមចំលើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ៖ រូបខ្លួនទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពលួចគាស់ទ្វារឃ្លាំងលេខ១៤ យកទ្វារដែក០១ និងបង្អួចកញ្ចក់ ស៊ុំអាលុយមីញ៉ូមចំនួន១៩ ពិតប្រាកដមែន ។
បច្ចុប្បន្ន សង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា