ខេត្តស្វាយរៀង៖ បុរស២នាក់ជាជន ជាតិវៀតណាមបានរងរបួសធ្ងន់និងស្រាល ត្រូវបានសមត្ថកិច្ចមូលដ្ឋានមកជួយធើ្វអន្តរាគមន៍ដោយដឹកទៅកាន់មន្ទីរពេទ្យខណៈដែលជនសង្ស័យម្នាក់បានប្រើហិង្សា ដោយចេតនាយកកាំបិតកាប់ទៅលើជន រងគ្រោះទាំង២នាក់យ៉ាងសន្ធាប់រួចហើយ រត់គេចខ្លួនបន្សល់ទុករុឺម៉កម៉ូតូនៅនឹង កន្លែងដែលគេសង្ស័យថា មានគំនុំជាមួយ ជនរងគ្រោះ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០និង២០នាទីយប់ នៅផ្លូវលំវត្តព្រៃ យាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុង បាវិតម្នាក់បានបង្ហើបប្រាប់អ្នកយកព័ត៌ មានកាសែតនគរវត្តឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង វ៉ាន់ទឹង អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិទឹងយឹង ឃុំទឹងយឹង ស្រុកអាំងណាវ ខេត្តហាយហ៊ុង ប្រទេសវៀតណាមបានរងរបួសធ្ងន់និងឈ្មោះ ឡេ វាំងហ្វុក អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅ ផ្ទះលេខ១៩០ ផ្លូវបាគូ សង្កាត់លេខ៣ ទីក្រុងយ៉ុងតាវប្រទេសវៀតណាមរងរបួសស្រាល ។
ប្រភពបង្ហើបឲ្យដឹងទៀតថា ចំណែកជនសង្ស័យគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេក្រោយពីបង្កហិង្សារួច បានរត់គេចខ្លួនបាត់បន្សល់ទុករុឺម៉កម៉ូតូ១ គ្រឿងនៅនឹងកន្លែងកើតហេតុ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូល ដ្ឋានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមភ្លាមៗខណៈដែលសមត្ថកិច្ចជំហាន ដំបូងសង្ស័យថា ទំនងមានជម្លោះពាក្យ សម្ដី និងគ្នាទើបបានជាបង្កករណីហិង្សា បែបនេះកើតឡើង ។
បច្ចុប្បន្នរុឺម៉កម៉ូតូ របស់ជនសង្ស័យ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិត ជាបណ្តោះអាសន្ន និង ស្រាវជ្រាវរកចាប់មុខសញ្ញាជាជន សង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យទាល់តែបាន ៕ យឹម សុថាន