ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Fernando Torresមានគម្រោងចាកចេញពីក្រុម Atletico Madridពេលកិច្ចសន្យារបស់គាត់ចប់នៅចុងរដូវកាលនេះដើម្បីផ្លាស់ទៅកាន់ក្រុមដែលគាត់ មានឱកាសលេងបាល់ទាត់បានច្រើន។
កីឡាករវ័យ៣៤ឆ្នាំរូបនេះជាប់ជម្រើសដំបូងបានតែ៣ដងប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ កំពូលរបស់អេស្ប៉ាញ ហើយបានលេងក្នុងនាមជាកីឡាករបម្រុងចំនួន១៧ប្រកួត រកគ្រាប់បាល់បាន២គ្រាប់។
Fernando Torres បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះដើម្បីប្រាប់អ្នកគាំទ្រថា នេះគឹជារដូវកាលចុងក្រោយរបស់ខ្ញុំហើយសម្រាប់ក្លិបAtletico Madrid។ វាមិនមែន ជាការងាយស្រួលទេដែលចាកចេញជាលើកទី២ព្រោះថាខ្ញុំចង់ចូលនិវត្តន៍នៅទីនេះ។ ប៉ុន្តែអ្វីៗមិនអាចបានតាមចិត្តរបស់យើងប្រាថ្នាឡើយ។ ហេតុដូចនេះខ្ញុំត្រូវតែទៅរក កន្លែងដែលអាចមានឱកាសលេងបានច្រើន។ ខ្ញុំយល់ថាខ្ញុំនៅមានកម្លាំងកាយ ចិត្តលេងបានទៀត” ។
គួររំលឹកថា Fernando Torresចាកចេញពីក្លិប Atletico Madrid ទៅកាន់ហង្សក្រហម Liverpool នៅក្នុងឆ្នាំ២០០៧ និងបន្តលេងឲ្យ Chelsea និង AC Milan មុនពេលវិលត្រឡប់ មកក្លិបចាស់Atletico Madridវិញនៅក្នុងឆ្នាំ២០១៥ ៕ ដេវីត