ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោម៤នាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជនដេរ៩៥ថ្នេរបន្ទាប់ពីមានក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណ៧នាក់ជិះម៉ូតូ៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ ប្រដេញតាមកាប់ប្លន់ យកម៉ូតូម៉ាកស្គូពី១គ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ក្រោយពីមានទំនាស់នៅក្នុងក្លិបរួចមក។
ករណីកាប់ប្លន់យកម៉ូតូខាងលើនេះបានកើតឡើងកាលពីថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ស្ថិតនៅតាមផ្លូវលេខ២០០៤ ក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ខណៈដែលជនរងគ្រោះរួមជាមួយមិត្តភក្តិចេញពីធ្វើការក្នុងគោលបំណងជិះទៅផ្ទះ ។
ជនរងគ្រោះឈ្មោះ ឆែម នាថ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្លិបអវ៉ាលូន ស្នាក់នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រងរបួសរយះដៃស្តាំ និងរយះក្បាលដេរ៩៥ថ្នេរ។ ចំណែកម៉ូតូដែលក្រុមជនសង្ស័យកាប់ប្លន់យកទៅបាត់នោះម៉ាក ហុងដាស្គូពី ស៊េរីឆ្នាំ២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខក្រចេះ 1A-8221 ។
តាមសម្តីយុវជនឈ្មោះ ព្រឿង ប៊ុនណាស់ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាមិត្តភក្តិ ធ្វើការជាមួយជនរងគ្រោះ ស្នាក់នៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ រងរបួសស្រាលក្នុងហេតុការណ៍នោះដែរបានឲ្យដឹងថា មុនកើតហេតុពួកខ្លួនមានគ្នា៤នាក់ សុទ្ធតែជាបុគ្គលិកបម្រើការងារនៅក្លិបខាងលើបានជិះម៉ូតូ២គ្រឿងគឺម៉ាកស្គូពី ពណ៌ឈាមជ្រូកជាម៉ូតូរបស់ខ្លួន និង១គ្រឿងទៀតម៉ាកហុងដាស្គូពី ពណ៌ស ឌុបគ្នាជិះចេញពីកន្លែងធ្វើការនៅវេលាម៉ោងខាងលើ តាមបណ្តោយផ្លូវលេខ២០០៤ ពីកើតទៅលិចលុះដល់ចំណុចខាងលើ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែ មានក្រុមក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ៧នាក់ ជិះម៉ូតូ៤គ្រឿងប្រដាប់ដោយកាំបិត និងដាវជិះម៉ូតូដេញតាមពីក្រោយ ស្រែកគំរាមឲ្យពួកខ្លួនឈប់ ប៉ុន្តែពួកខ្លួនមិនឈប់និងព្យាយាមជិះម៉ូតូគេចតែគេចមិនរួចក៏ត្រូវក្រុមជនសង្ស័យស្ទាក់ កាប់ប្លន់យកម៉ូតូម៉ាកហុងដាស្គូពីមួយគ្រឿងទៅបាត់។ ចំណែកម៉ូតូមួយគ្រឿងទៀត ត្រូវមិត្តភក្តិដកកូនសោបោះចោលនាំគ្នារត់គេចពីផ្លែដាវ កាំបិតរបស់ជនអន្ទពាលទាំងនោះទាន់។
សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ក្នុងហេតុការណ៍ខាងលើនេះបង្កឲ្យមានមនុស្ស២នាក់ ដោយម្នាក់រងរបួសធ្ងន់ដេរ៩៥ថ្នេរ និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន រហូតដល់ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ទើបជនរងគ្រោះម្នាក់រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម ៕ តុង សីហា