ព័ត៌មានទាន់ហេតុការណ៍៖

អត់លុយចាយចូលឆ្នាំផ្លោះរបងចូលផ្ទះប្អូនថ្លៃលួចលុយ១២៥០ដុល្លារតែគេចមិនរួច

ចែករំលែក៖

ខេត្តតាកែវ: បុរសម្នាក់ព្រោះតែអត់លុយចាយពេលចូលឆ្នាំខាងមុខនេះ ដាច់ចិត្តផ្លោះរបង ចូលផ្ទះប្អូនថ្លៃលួចលុយបាន១២៥០ដុល្លារ រួចបម្រុងគេចខ្លួន តែប្អូនថ្លៃដឹងតាមចាប់ខ្លួនបានយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១០ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ កង សាវី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ឯម ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុត្រូវជាបងថ្លៃជនរងគ្រោះ មានទីលំនៅជិតគ្នា។ ឈ្មោះ ឯម ហឿន បានលួចឡើងទៅលើផ្ទះឈ្មោះកង សាវី ជាប្អូនថ្លៃលួចយកលុយពីក្នុងកាបូបបានប្រាក់ចំនួន១២៥០ដុល្លារ រួចគេចខ្លួនបាត់។ លុះព្រឹកឡើងទើបម្ចាស់ដឹងក៏តាមចាប់ឈ្មោះឯម ហឿន ដកហូតបានលុយតែចំនួន៣០០ដុល្លារវិញ ក្រៅពីនេះមិនដឹងលាក់ទុកនៅទីណា។ក្រោយមកឈ្មោះឯមហឿនត្រូវបានប្អូនថ្លៃជាជនរងគ្រោះប្រគល់ជូនសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ គ្រាដែលគេសារភាពថា ខ្លួនដាច់ចិត្តលួចលុយប្អូនថ្លៃបែបនេះ ព្រោះតែនៅពេលចូលឆ្នាំខាងមុខនេះ អត់មានលុយចាយ ៕ សហការី

ចែករំលែក៖