ខេត្តព្រៃវែង ៖ ក្មេងស្រីជាអនីតិជនម្នាក់ត្រូវជនសង្ស័យម្នាក់ចាប់រំលោភសេពសន្ថវៈបានសម្រេចខណៈនាងដើរត្រឡប់មកពីផ្ទះយាយតែម្នាក់ឯង តែក្រោយមកជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃ ចន្ទ ៩ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែចម្ងាយ ប្រមាណ៥០០ម៉ែត្រពីផ្ទះរបស់ក្មេងស្រីរងគ្រោះស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។
នគរបាលស្រុកបាភ្នំបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អាន ពុទ្រា ហៅយុត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃជនាង ឃុំបានាល ស្រុកឈូក ខេត្តកំពត មុខរបរកម្មករបើកគ្រឿងចក្រ បច្ចុប្បន្នស្នាក់នៅភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ឯជនរងគ្រោះដែលជាក្មេងស្រីអនីតិជនផងនោះមានឈ្មោះ ជ.ស.ផ.ណ អាយុ១៤ឆ្នាំ មុខរបរធ្វើស្រែ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ។ កន្លងមកជនសង្ស័យ និងក្មេងស្រីរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នាមួយរយៈពេលកន្លងមកហើយតែមិនដែលមានរឿងអ្វីកើតឡើងនោះឡើយ។ លុះដល់ថ្ងៃកើតហេតុវេលាម៉ោងប្រហែល៨ យប់ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះយាយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ បន្ទាប់ពីហូបបាយពេលល្ងាចនៅផ្ទះយាយរបស់ខ្លួនរួចមក ។
ពេលធ្វើដំណើរត្រឡប់មកផ្ទះតែម្នាក់ឯងក្មេងស្រីរងគ្រោះក៏បានជួបជនសង្ស័យដែលកំពុងរង់ចាំនៅពាក់កណ្តាលផ្លូវ ហើយជនសង្ស័យក៏បានចាប់ទាញដៃនាងឡើងលើម៉ូតូ ហើយធ្វើដំណើរទៅវាលស្រែចម្ងាយប្រហែល៥០០ម៉ែត្រពីផ្ទះជនរងគ្រោះហើយក៏បានចាប់រំលោភបានសម្រេចតែម្តង ។ ក្រោយធ្វើសកម្មភាពរួច នារីរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឱ្យចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យបានហើយនាំខ្លួនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ដៅកោងដើម្បីចាត់ការតាមច្បាប់ ៕ សហការី